(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចេញមុខប្រកាសបដិសេធចោលទាំងស្រុងចំពោះការផ្សាព្វផ្សាយតាមបណ្តាញសង្គម ដែលផ្សាយចោទប្រកាន់ថានាយទាហាននៅក្នុងវរៈសេនាតូចលេខ២ ឃុបឃិតគ្នាជាប្រព័ន្ធរំលោភយកដីគោលរបបរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបែងចែកជូនប្រជាពលរដ្ឋ គ្រួសារកងទ័ព និងកងទ័ព។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ គ្រួសារកងទ័ព និងកងទ័ពនៅក្នុងវរសេនាតូចលេខ២ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែងថា៖ «ដោយសារមានការផ្សាយជាបន្តបន្ទាប់របស់ទូរទស្សន៍អនឡាញមួយចោទប្រកាន់មន្ត្រីយោធានៅវរៈសេនាតូចលេខ២ ថាយកដីគោលរបបដែលសម្តេចតេជោ ហ៊ុន សែន បានប្រគល់ជូនគ្រួសារកងទ័ព និងកងទ័ព ដោយឃុបឃិតគ្នាជាប្រព័ន្ធយកទៅលក់នោះ ថ្ងៃនេះលោកក៏បានអញ្ជើញប្រជាពលរដ្ឋ គ្រួសារកងទ័ព និងកងទ័ពដែលមានការពាក់ព័ន្ធត្រូវបង្ហាញពីការពិត ដើម្បីលោកធ្វើការដោះស្រាយជូន»

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ដីគោលរបបសម្តេចតេជោ ដែលបានផ្តល់ជូន គឺមានចំនួន ១៦៤ហិកតា ក្នុងនោះ៩៩.៥ហិកតា កងទ័ពប្រើប្រាស់ជាអគារទីបញ្ជាការខេត្ត អគារទីបញ្ជាការវរៈ អគារសម្តេច ៥ខ្នង ផ្ទះគំរូសម្តេច ២០ខ្នង និងដីឡូតិ៍មួយចំនួនទៀត។ ចំណែកដី ៦៤.៥ហិកតាទៀត គឺពាក់ព័ន្ធជាមួយក្រុមហ៊ុនដែលគេមានច្បាប់ត្រឹមត្រូវ ដែលប្រជាពលរដ្ឋ គ្រួសារកងទ័ព និងកងទ័ពបានដាក់ពាក្យប្តឹងឱ្យរកដំណោះជូនគាត់។

លោកមេបញ្ជាការ បានឱ្យដឹងថា «ប្រជាពលរដ្ឋ គ្រួសារកងទ័ព និងកងទ័ពចំនួន៣៤គ្រួសារ បានផ្តិតមេដៃដាក់ពាក្យប្តឹងក្រុមនោះ តែទូរទស្សន៍អនឡាញនោះបែជាផ្សាយថា ខាងប្រជាពលរដ្ឋ គ្រួសារកងទ័ព និងកងទ័ពដាក់ពាក្យប្តឹងមន្ត្រីយោធានៅក្នុងអង្គភាពវរៈសេនាតូចលេខ២ ទៅវិញ មិនតែប៉ុណ្ណោះថែមទាំងផ្សាយចោទប្រកាន់ថាមន្ត្រីយោធាដែលមានស័ក្កិយសធំៗ ឃុបឃិតជាប្រព័ន្ធ យកដីគោលរបបដែលបានបែងចែកជូនគ្រួសារកងទ័ព និងកងទ័ពយកទៅលក់ដូរទៅវិញ ដែលនេះជាហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំអង្គភាព ក៏ដូចជាធ្វើឱ្យមានការយល់ច្រឡំពីមហាជនទូទៅផងដែរ»

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគទី៤ ពិសេសគឺកងទ័ពទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងដឹកនាំរបស់លោក គឺលោកមិនអនុញ្ញាតឱ្យកងទ័ពណាម្នាក់ធ្វើអំពើផ្តេសផ្តាស់ផ្ទុយពីច្បាប់ និងបទបញ្ជាកផ្ទៃក្នុងរបស់កងទ័ពជាដាច់ខាត។ ចំពោះដីធ្លីដែលប្រជាពលរដ្ឋ គ្រួសារកងទ័ព និងកងទ័ពចំនួន ៣៤នាក់ ដែលមានការពាក់ព័ន្ធជាមួយក្រុមហ៊ុននោះ គឺលោកធានាដោះស្រាយជូន ដោយលោកនឹងរកពេលវេលាជួបជាមួយក្រុមហ៊ុនឆាប់ៗនេះ ដូច្នេះ លោកសូមឱ្យប្រជាពលរដ្ឋ គ្រួសារកងទ័ព និងកងទ័ពយើងត្រូវរក្សាភាពស្ងប់ស្ងាត់រង់ចាំទទួលលទ្ធផល។

ជាមួយគ្នានេះដែរ លោកមេបញ្ជាការ ក៏បានអំពាវនាវដល់ទូរទស្សន៍អនឡាញ ដែលបានផ្សព្វផ្សាយកន្លងមកដោយមិនមានមូលដ្ឋានច្បាស់លាស់ ត្រូវធ្វើការផ្សាយកែតម្រូវឡើងវិញ ក្នុងករណីដែលមិនផ្សាយតម្រូវឡើងវិញទេលោកនឹងចាត់វិធានការទៅតាមផ្លូវច្បាប់៕