(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដោយកំណត់យកទីតាំងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សម្រាប់យកវត្ថុសំណាកពីប្រជាជនទូទៅជាប្រចាំ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងន័យនេះបើប្រជាជនមានការសង្ស័យថាបានឆ្លងជំងឺកូវីដ១៩ ឬក៏មានអាការៈមិនស្រួលខ្លួនដូចជា ក្តៅខ្លួនលើសពី ៣៧,៥ អង្សាសេ មានក្អកផ្កាសាយ ឬក្អកមានស្លេស...។ល។ ប្រសិនបើសង្ស័យថាធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ សូមអញ្ជើញទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅទីតាំងខាងលើនេះកុំបីខាន។

ក្នុងសេចក្តីជូនដំណឹងដដែល រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានរៀចំទីតាំងចំនួន២ សម្រាប់យកវត្ថុសំណាកពីប្រជាពលរដ្ឋទូទៅ ដើម្បីវិភាគរកមេរោគកូវីដ១៩ នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង) គឺទីតាំងទី១ នៅមន្ទីរសុខាភិបាលខេត្ត និងទីតាំងទី២ នៅវេទិកា ៧មករា។

ប៉ុន្តែដោយពិនិត្យឃើញថា ស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មានការធូរស្បើយ និងទីតាំងយកសំណាកនីមួយៗ មានប្រជាពលរដ្ឋមកយកសំណាកមានចំនួនតិច ហើយមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដែលនៅប្រចាំការសម្របសម្រួលប្រជាពលរដ្ឋយកសំណាកនៅវេទិកា ៧ មករា ត្រូវបានរំសាយវិលត្រឡប់ចូលបំពេញការងារនៅមន្ទីរវិញ ហេតុដូច្នេះហើយទើបរដ្ឋបាលខេត្តសម្រេចយកតែមួយទីតាំង សម្រាប់យកសំណាកពីពលរដ្ឋទូទៅតែម្តង៕