(ភ្នំពេញ)៖ បើគ្មានអ្វីប្រែប្រួលនោះទេ នៅខែកុម្ភៈ ឆ្នាំ២០២២ ខាងមុនេះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាគម Jica អាស៊ាន។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាប្រធានសមាគមអតីតកម្មសិក្សាការី ចៃកា (JICA) កម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បើតាមផែនការកិច្ចប្រជុំនេះនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២២ ប្រសិនបើយើងធ្វើផ្ទាល់បានយើងធ្វើនៅកម្ពុជា ប៉ុន្តែ បើយើងធ្វើផ្ទាល់មិនបានយើងនឹងរៀបចំតាម Online ទៅតាមស្ថានភាពជាក់ស្តែង»។

ដើម្បីឱ្យកិច្ចប្រជុំនេះដំណើរការដោយរលូន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ជិន ម៉ាលីន បានដឹងនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ពិភាក្សាការងារតាមរយៈប្រព័ន្ធ Zoom ដើម្បីត្រៀមខ្លួនធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាគម Jica អាស៊ាន នៅឆ្នាំក្រោយ ព្រមទាំងបានសម្រេចអនុវត្តនូវសកម្មភាពចម្បងៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ ការបែងចែកសម្ភារសិក្សារសម្រាប់តំបន់គោលដៅចំនួន៤ ក្រោមប្រធានបទ «ការលើកកម្ពស់បរិយាកាសបណ្ណាល័យនិងការអានសៀវភៅនៅសាលារៀន» នាចុងខែវិច្ឆិកា ឆ្នាំ២០២១។

*ទី២៖ ការរៀបចំយុទ្ធនាការអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅវិទ្យាល័យ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង នាខែមករា ឆ្នាំ២០២២

*ទី៣៖ ការរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលថ្នាក់តំបន់ ECM ដែលគ្រោងធ្វើនៅខែកុម្ភៈ ឆ្នាំ២០២២

*ទី៤៖ ការចាត់តាំងសាកល្បងនូវតំណាងសមាជិកសមាគមតាមក្រសួងគោលដៅមួយចំនួន៕