(កំពង់ឆ្នាំង)៖ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាននាំអំណោយប្រគល់ជូនប្រពលរដ្ឋរងការប៉ះពាល់ដោយសារជំងឺកូវីដចំនួន ១៥០គ្រួសារ មកពី៤ឃុំ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលខេត្តកំពង់ឆ្នាំង មន្ត្រីរាជការ និងមន្ត្រីកាកបាទក្រហមខេត្តជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះដែរ សម្ដេចចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍សូមពាំនាំនូវព្រះរាជបណ្ដាំ ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សម្តេចម៉ែ ព្រមទាំងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋដែលនៅជនបទចុងកាត់មាត់ញក។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានបន្តថា កន្លងមកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋរងការប៉ះពាល់ផ្សេងៗ ដូចជា គ្រោះទឹកជំនន់គ្រោះធម្មជាតិ និងជួបការលំបាកផ្សេងៗដូចជាប្រជាពល រដ្ឋចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ អ្នកជំងឺ និងអ្នកផ្ទុកមេរោគអេដស៍ជាដើម។

ជាក់ស្ដែងថ្ងៃនេះប្រជាពលរដ្ឋចំនួន១៥០គ្រួសារ ដែលមកពីឃុំចំនួន៤ គឺឃុំត្រពាំងចាន់ ឃុំចក ឃុំពពេល និងឃុំឆ្នុកទ្រូ ក្នុងស្រុកបរិបូណ៌ បានមកទទួលអំណោយពីកាកបាទក្រហមកម្ពុជា ដែលក្នុងនោះទទួលបាល់ក្នុងមួយគ្រួសារៗ អង្ករ២៥គីឡូ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីតមួយកញ្ចប់ មានមុង១ ក្រមា១ សារុង១ ភួយ១ និងថវិកាចំនួន១០ម៉ឺនរៀល។ ក្នុងនោះ ថវិកា៥ម៉ឺន ជាអំណោយរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល ចំណួន៣ម៉ឺនរៀល ជាថវិការបស់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និង២ម៉ឺនរៀលទៀត ជាថវិការបស់សាខាកាកបាទក្រហមខេត្ត។

នៅក្នុងឱកាសនោះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍ស្ដីពីការអនុវត្តរបស់សាខាកាកបាទក្រហមកម្ពុជា ក្នុងរយៈពេលកន្លងមក បានចុះជួយទុក្ខលំបាកប្រជាពលរដ្ឋដែលរងការផលប៉ះពាល់ នឹងបន្តការអនុវត្តតួនាទីរបស់ខ្លួនជួយប្រជាពលរដ្ឋដែលជួបការលំបាក និងខ្វះខាតជាបន្តទៀត ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះលោក ស៊ុន សុវណ្ណារិទ្ធិ បានប្រគល់ជូនដល់ប្រជាពលរដ្ឋដែលមានក្រុមគ្រួសារស្លាប់ដោយសារជំងឺកូវីដ១៩ ទាំង៨ស្រុក ក្រុង ចំនួន២៦៦លានរៀលផងដែរ៕