(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះ បាននាំយកថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាល ប្រគល់ជូនគ្រួសារសពដែលទទួលមរណភាពដោយសារជំងឺកូវីដ១៩ ចំនួន ០៩សព នៅក្នុងខេត្តស្ទឹងត្រែង។

គិតត្រឹមថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទទួលមរណភាពដោយសារជំងឺកូវីដ១៩ នៅក្នុងខេត្តស្ទឹងត្រែង មានចំនួន១៦នាក់ ដោយក្នុងនោះ ដែលរាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារសព ក្នុង១សព ទទួលបានថវិកាចំនួន ២លានរៀល និង១លានរៀលទៀត សម្រាប់គណៈកម្មការបូជាសពក្នុងការចាត់ចែងរៀបចំសពផងដែរ។

លោក ស្វាយ សំអ៊ាង បានថ្លែងថា ថវិកាដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានប្រគល់ជូនតាមរយៈរដ្ឋបាលខេត្ត ប្រគល់ជូនដោយផ្ទាល់ទៅដល់ក្រុមគ្រួសារសព ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ១៩ កន្លងមកនេះ ។

នាឱកាសនោះ លោក ស្វាយ សំអ៊ាង បានសម្តែងនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ នៃសពដែលមរណភាពដោយសារជំងឺកូវីដ១៩ ទាំង៩នាក់ ដែលបានបាត់បង់នូវមនុស្សទីស្រឡាញ់ដែលរស់នៅក្នុងគ្រួសារ និងបានពាំនាំនៅការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ជួបការលំបាកឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានររំលឹកដល់ប្រជាពលរដ្ឋ សូមកុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ «៣ការពារ និង៣កុំ» ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង៕