(ព្រៃវែង)៖ បុរសម្នាក់បានអះអាងថា មានជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានចូលទៅប្លន់ផ្ទះលក់ឈើរបស់ខ្លួន ស្ថិតនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នាយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ យកអស់ទ្រព្យសម្បត្តិ និងគ្រឿងអលង្ការជាង១ម៉ឺនដុល្លារ​។

ប៉ុន្តែការលើកឡើងរបស់ម្ចាស់ផ្ទះនេះ សមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ មិនទាន់ជឿទាំងស្រុងនៅឡើយទេ ដោយចាត់ទុកថា អាចជារឿងប្រឌិតពីព្រោះ ក្រោយកើតហតុភ្លាមៗខណៈដែលកម្លាំងសមត្ថកិច្ចចុះទៅសួរនាំ និងពិនិត្យនៅផ្ទះជនរងគ្រោះនោះ មិនបានឃើញនូវអ្វីដែលជាស្លាកស្នាម និងភិនភាគដែលគួរឲ្យសង្ស័យនោះឡើយ។

មន្រ្តីអាវុធហត្ថខេត្តព្រៃវែងមួយរូប បានឲ្យដឹងថា សម្រាប់ករណីនេះ អាចជារឿងប្រឌិត ពីព្រោះម្ចាស់ផ្ទះ ការឆ្លើយរបស់គាត់ ហាក់មានការលាក់លៀមច្រើន។ ក្រោយការសួរនាំម្ចាស់ផ្ទះបានប្រាប់ថា ក្រុមចោរ​មានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានចូលមកតាមទ្វារក្រោយហើយ យកខ្សែលួសចងដៃ និងបានយកដែកត្បែងទៅគាស់ទូរដាក់លុយ។ ប៉ុន្តែនៅដែលសមត្ថកិច្ច ពិនិត្យមើលទៅឃើញថា ខ្សែលួសនៅមូល និងត្រង់ធម្មតា គ្មានវៀចក្រវិចក្រវ៉ក់នោះទេ ហើយសម្រាប់ទូដាក់លុយវិញ គ្មានស្នាមរបើក និងខូចខាតនោះឡើយ ខណៈដៃរបស់គាត់ក៏មានស្នាមរបួសនោះដែរ។

ដោយឡែក ការពិនិត្យនៅខាងក្រោយផ្ទះវិញ​ បើមើលពីភូមិសាស្រ្តវិញ គឺមិនអាចចូលតាមក្រោយបានទេ ហើយស្នាមដានជើងដើរក្រោយផ្ទះឃើញតែប្រមាណ១០០ម៉ែត្រ ក៏ត្រឡប់មកក្រោយវិញ​ផងដែរ។ មន្រ្តីអាវុធហត្ថរូបនេះ បានបន្តទៀតថា ក្រោយការឆែកត្រួតពិនិត្យទៅសមត្ថកិច្ច បានរកឃើញលុយ៣០០០ដុល្លារ នៅក្នុងសៀវភៅ។

យ៉ាងណាក៏ដោយ សម្រាប់ករណីនេះ កម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ បាននិងកំពុងធ្វើការស្រាវជ្រាវ និងសួរនាំបន្តទៀត។ បើតាមមន្រ្តីអាវុធហត្ថដដែល ករណីខាងលើបានកើតឡើងដូចទៅនឹងករណីប៉ុន្មានលើកមកហើយដែលម្ចាស់ផ្ទះបានប្រឌិតជារឿងប្លន់៕