(សៀមរាប)៖ លោកស្រី ហួន ខេង សមាជិកាគណ:កម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ក្រុងសៀមរាប បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារលោកស្រី ញឹម អ៉ឹប អាយុ ៦៥ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលរងគ្រោះភ្លើងឆេះផ្ទះ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ក្នុងកម្មវិធីចែកអំណោយនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា លោកស្រី ហួន ខេង បានពាំនាំនូវការផ្តាំផ្ញើ និងចូលរួមសោកស្ដាយពីសំណាក់លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោក នួន ពុទ្ធារ៉ា ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សប្បុរ ជំនឿសាសនាឫ និន្នាការនយោបាយណាមួយឡើយ។ ដូចពាក្យស្លោករបស់កាកបាទក្រហមកម្ពុជាថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។

អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនរួមមាន៖ តង់១ មុង១ ភួយ១ ក្រមា១ កន្ទេល១ ចានស្រាក់១ កំសៀវដាំទឹក១ ធុងទឹកជ័រធំ១ ធុងទឹកកក១ ចង្ក្រានហ្គាស១ ចាន៥ ស្លាបព្រា៥ ខ្នើយ២ ឆ្នាំង១ កន្ថោ១ បំពង់ទឹកក្តៅ១ ខ្ទះ១ វែកឆា១ វែកសម្ល១ ប្រដាប់គ្របម្ហូបជ័រ១ កញ្ច្រែងជ័រ១ កាថុនជ័រ១ ផ្ទិល១ ចានដែកធំ១ ជ្រុញ១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកបរិសុទ្ធ ២យួរ ថវិកា ២សែនរៀល។

លោកស្រី ក៏បានក្រើនរំលឹកដល់ បងប្អូនប្រជាពលរដ្ធឲ្យប្រយ័ត្នចំពោះខ្សែភ្លើង ដែលចាស់ៗប្រើយូរឆ្នាំមកហើយ និងត្រូវឱ្យខាងជំនាញអគ្គិសនី មកផ្លាស់ប្តូរចេញដើម្បីជៀសផុតពីគ្រោះមហន្តរាយអគ្គិភ័យ និងសូមឱ្យប្រជាពលរដ្ធទាំងអស់ថែរក្សាសុខភាព រស់នៅដោយមានអនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីកុំឱ្យឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ជាដើម៕