(ពោធិ៍សាត់)៖ សកម្មភាពចូលទន្ទ្រានដីកម្មសិទ្ធិរបស់រដ្ឋនៅតំបន់ថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចាប់ផ្តើមកម្រើកឡើងវិញហើយ ក្រោយពេលលោក ម៉ៅ ធនិន ត្រូវបានផ្លាស់ទៅកាន់ខេត្តកំពត។ អាជ្ញាធរខេត្តពោធិ៍សាត់ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនព្យាយាមចូលទៅទន្ទ្រានកាន់កាប់ដីកម្មសិទ្ធិរបស់រដ្ឋដោយខុសច្បាប់នេះ។

ការព្រមានរបស់អាជ្ញាធរ បានធ្វើឡើងបន្ទាប់ពីបុគ្គលឈ្មោះ រ៉ាយ កន ហៅ វ៉ាត បានព្យាយាមម្តងហើយម្តងទៀត ចូលទៅកាន់កាប់ដីជាកម្មសិទ្ធិរបស់រដ្ឋនៅចំណុចភ្លុកដំរី ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។

តំបន់ថ្មដាជាតំបន់ដាច់ស្រយាលមួយកាលពីអតីតកាលគ្មាននរណានឹកនាដល់នោះឡើយ ព្រោះតំបន់នោះនៅឆ្ងាយពីខេត្ត គ្មានផ្លូវក្នុងការធ្វើដំណើរ។ កាលពីឆ្នាំ២០១០ រាជរដ្ឋាភិបាល បានប្រគល់ផ្ទៃដីនៅតំបន់ថ្មដានោះ ទៅឱ្យក្រុមហ៊ុនឯកជនមួយធ្វើការអភិវឌ្ឍលើដំណាំកសិ-ឧស្សាហកម្ម និងធ្វើជាតំបន់សេដ្ឋកិច្ចពិសេសជាដើម។

លុះក្រោយពេលរាជរដ្ឋាភិបាល បានសាងសង់ផ្លូវជាតិលេខ៥៥រួចរាល់ ធ្វើឱ្យតំបន់ថ្មដាមិនឯកោដូចអតីតកាលទៀតនោះឡើយ ហើយក្លាយទៅជាតំបន់ដ៏ទាក់ទាញបំផុតនៅក្នុងខេត្តពោធិ៍សាត់។ ប្រការនេះ ក៏បានធ្វើឱ្យមានសកម្មភាពទៅតាំងទីលំនៅ និងរស់នៅជាច្រើនពីសំណាក់ប្រជាពលរដ្ឋមកពីតំបន់នានា។ ទន្ទឹមគ្នានោះ វិវាទដីធ្លីនៅតំបន់ក៏ផ្ទុះឡើងជាបន្តបន្ទាប់ផងដែរ។

លោក រ៉ាយ កន ជាប្រជាពលរដ្ឋមានអតីតភាពជាទាហានខ្មែរក្រហម បានអះអាងថា ខ្លួនមានដីនៅទីតាំងនោះតាំងពីឆ្នាំ១៩៩៦ ពោលតាំងពីខ្លួននៅជាទាហានខ្មែរក្រហម ដែលជាតំបន់គ្រប់គ្រងដោយទ័ពខ្មែរក្រហម។

ផ្ទុយពីការអះអាងរបស់លោក រ៉ាយ កន, អាជ្ញាធរបានបញ្ជាក់ថា លោក រ៉ាយ កន មិនមានដីនៅទីតាំងនោះឡើយ។ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ បានឱ្យដឹងថា តាមរយៈគោលនយោបាយ០០១ របស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១២ ក្រុមយុវជនបានចុះវាស់វែង និងបានបែងចែកដីជូនប្រជាពលរដ្ឋរួចរាល់អស់ហើយ។ ក្នុងនោះ មានការកាត់ឆ្កៀលចេញពីផ្ទៃដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលបានផ្តល់ទៅក្រុមហ៊ុនឯកជនវិនិយោគផងដែរ។

លោក ខូយ រីដា បានអះអាងថា នៅពេលវាស់វែង មិនមានឈ្មោះបុគ្គល រ៉ាយ កន ជាម្ចាស់កម្មសិទ្ធិដីធ្លីនៅតំបន់នោះឡើយ។

លោក អ៊ុ នី មេភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ក៏បានអះអាងដែរថា លោក រ៉ាយ កន ហៅ វ៉ាត នេះ ពុំមានដីអាស្រ័យផលនៅចំណុចភ្លុកដំរីនោះទេ។ លោកបន្ថែមថា កន្លងមកឈ្មោះ រ៉ាយ កន បានលួចចូលទៅទន្ទ្រាន និងដាំដំណាំបន្តិចបន្តួច ហើយអាជ្ញាធរក៏បានហាមឃាត់ផងដែរ។

បន្ថែមពីលើនេះ លោកស្រី ឡុង ត្រេន រស់នៅភូមិឯកភាព អតីតភរិយារបស់លោក រ៉ាយ កន ដែលបានលែងលះគ្នាកាលពីឆ្នាំ២០១៧ ក៏បានអះអាងដែរថា ក្រោយរួមរស់នឹងគ្នាជាង២០ឆ្នាំ លោកស្រី និងលោក រ៉ាយ កន មិនមានដីនៅចំណុចភ្លុកដំរីនោះឡើយ។

ពាក់ព័ន្ធនឹងបញ្ហាវិវាទដីធ្លីនៅតំបន់នេះ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ម៉ៅ ធនិន ពេលនៅជាអភិបាលខេត្តពោធិ៍សាត់ ក៏បានបង្កើតក្រុមការងារថ្នាក់ខេត្តមួយ ដើម្បីទប់ស្កាត់សកម្មភាពទន្ទ្រានយកដីរដ្ឋនេះ ដោយមានរូបលោកផ្ទាល់ជាប្រធាន។

តាមរយៈចំណាត់ក្តៅនេះ សកម្មភាពចូលទៅទន្ទ្រានយកដីនៅទីតាំងខាងលើ ក៏មានសភាពសកម្មភាពស្ងប់ស្ងាត់។ តែក្រោយពេលលោក ម៉ៅ ធនិន ផ្លាស់ចេញពីខេត្តពោធិ៍សាត់ សកម្មភាពក៏ត្រូវបានកម្រើកឡើងវិញ។

លោក ខូយ រីដា បានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ទៅតាមសេចក្តីសម្រេចដែលនៅមានសុពលភាពនៅឡើយនោះ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការទន្ទ្រានយកដីជាកម្មសិទ្ធិរបស់ដោយខុសច្បាប់នេះ។

អភិបាលរងខេត្តពោធិ៍សាត់រូបនេះ បានអះអាងផងដែរថា អាជ្ញាធរនឹងចាត់វិធានការទៅច្បាប់ សម្រាប់អ្នកទន្ទ្រានយកដីជាកម្មសិទ្ធិរបស់រដ្ឋ។ លោកអភិបាលរង បានចាត់ទុកសកម្មភាពទាំងនេះ គឺជាការបង្កើតបញ្ហាជាចេតនាមិនល្អលើរឿងដីធ្លីនៅក្នុងខេត្ត ដែលបានស្ងប់ស្ងាត់អស់រយៈពេលជាយូរមកហើយនោះ៕