(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិន នៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានបន្តឧបត្ថម្ភ ម៉ាសប្រភេទNK95 ចំនួន១ម៉ឺនម៉ាស និងសម្រាប់គាំទ្រដល់សកម្មភាព ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនមិត្តភាពកម្ពុជា-ចិន ក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ (ដូសជំរុញ) ជូនប្រជាពលរដ្ឋខ្មែរ និងបរទេស នៅមូលដ្ឋានខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក អ៊ុំ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនកម្ពុជា-ចិន បានឲ្យដឹងថា នេះជាលើកទី៣ហើយ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងការឧបត្ថម្ភម៉ាស់គុណភាពល្អប្រភេទ NK95 សម្រាប់គាំទ្រសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 និងសកម្មភាពមនុស្សធម៌ ដែលរៀបចំដោយសមាគមនិស្សិត ACSC។

លោកបន្តថា នាពេលកន្លងមកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនកម្ពុជា-ចិន ដែលបានបង្កើតឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ដែលមានសមាជិកសរុប ៩០នាក់ បានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinopharm និង Sinovac ជូនប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ នៅដូសទី១ បានចំនួន ៣១,០០០នាក់ និងដូសទី បានចំនួន៣០,៥៦៥នាក់។ នាពេលបច្ចុប្បន្ន កំពុងឈរជើងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ដូសទី៣ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងកុមារអាយុ ៥ឆ្នាំ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក វុទ្ធទី បានបន្តថា «ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងខ្ញុំ ពិតជាមោទនភាពណា ស់ដែលបានចូលរួមក្នុងបុព្វហេតុជាតិ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-19 ដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋខ្មែរ និងបរទេស ដែលជាយន្តការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏ដូចជាការចួលរួមសម្រាលបន្ទុករបស់រាជារដ្ឋាភិបាលកម្ពុជាយើងផងដែរ»

លោកបន្តថា ប្រជាពលរដ្ឋខ្មែរ និងបរទេស ទាំងចាស់ទាំងក្មេង បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងក្តីសប្បាយរីករាយ៕