(រតនគិរី)៖ មន្ត្រីមន្ទីរកសិកម្មម្នាក់លោក សាន រតនា ត្រូវបានលោក ស៊ិន សុខន ប្តឹងពីបទក្លែងឯកសារសាធារណៈ និងរំលោភកាន់កាប់អចលនវត្ថុអ្នកដទៃដោយសុចរិត ប្រព្រឹត្តនៅភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ប៉ុន្តែចំពោះការចោទប្រកាន់នេះ ត្រូវបានលោក សាន រតនា ចេញមកធ្វើការបដិសេធចោលទាំងស្រុងផងដែរ។

លោក សាន រតនា បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ដីមួយកន្លែងខាងលើនេះ លោកបានទិញពីឈ្មោះ អាយ ស៊្រាន មានទំហ៊ុ ២០គុណ៦០ម៉ែត្រ ទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំ ចុះហត្ថលេខានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ និងឈ្មោះ យ៉ែម រិទ្ធី ទំហ៊ុ ១២០០ម៉ែត្រការ៉េ ទទួលស្គាល់ដោយអាជ្ញាធរភូមិ-ឃុំនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ ដោយមានសាក្សីជាប់ព្រំដី សាក្សីលោក អៀង រ៉ុង និងលោក អាយ ស៊្រាន ផងដែរ។

លោក សាន រតនា បានទៀតថា កន្លងទៅខាងអាជ្ញាធរឃុំតាអង និងអាជ្ញាធរស្រុកកូនមុំ បានសម្របសម្រួលឲ្យគាត់គ្រប់គ្រងអាស្រ័យផលលើដីខាងលើ តែលោក ស៊ិន សុខន អត់មានឯកសារអ្វីទាំងអស់ គឺប្តឹងគាត់ចូលតុលាការតែម្តង រហូតដល់ពេលនេះលោកចៅក្រម ឈិត វិនា ចេញដីការក្សាការពារ។

ទាក់ទិនទៅនឹងលោកចៅក្រម ឈិត វិនា ចេញដីការរក្សាការពារខាងលើនេះ លោក សាន រតនា បានលើកលើកម្រាមដៃ១០សុំណូមពរឲ្យថ្នាក់ដឹកនាំខេត្ត និងតុលាការខេត្តជួយរកយុត្តិធម៌ និងពន្លឿនការដោះស្រាយជូនក្រុមគ្រួសារគាត់ ដែលជាមន្ត្រីរាជការមួយរូប ធ្វើការដើម្បីប្រទេសជាតិ និងប្រជាជនជាច្រើនឆ្នាំមកហើយ។

លោក អាយ ស៊្រាន ដែលជាម្ចាស់ដីលក់ឲ្យលោក សាន រតនា បានប្រាប់ឲ្យដឹងថា លោកបានលក់ជូនលោក សាន រតនា ដោយធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីទទួលស្គាល់ដោយអាជ្ញាធរភូមិ-ឃុំលេខ ៣៩៨/១១ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ ក្នុងនោះក៏មានឈ្មោះ ស៊ិន សុខន ជាសាក្សីផងដែរ។

លោកមេភូមិតាអងកាតែ ឈ្មោះ មី សុខន បានប្រាប់ឲ្យដឹងថា ដីនេះពិតជាមានការព្រមព្រៀងគ្នាផ្ទេរសិទ្ធិកាន់កាប់ឲ្យឈ្មោះ សាន រតនា កាលពីឆ្នាំ២០១១ និងមានសាក្សីឈ្មោះ ស៊ិន សុខន ជាសាក្សីទទួលស្គាល់ផងដែរ។ ដោយឡែកអតីតលោកលោកមេឃុំតាអង ឈ្មោះ វ៉ាន់ ប៉ាន ក៏បានបញ្ជាក់ឲ្យដឹងថា ដីខាងនេះភាគីទាំងសងខាងព្រមទាំងព្រំប្រទល់ដីទទួលស្គាល់ដីនេះឈ្មោះ សាន រតនា ជាអ្នកទទួលសិទ្ធកាន់កាប់ផងដែរ៕