(សៀមរាប)៖ ដោយមើលឃើញពីការលំបាកតាមរយៈរូបថតរបស់កុមារា សីហា នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធបណ្តាញសង្គម, ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់លោករួមមានសម្ភារៈសិក្សា និងថវិកាមួយចំនួនយកទៅប្រគល់ជូនកុមារា គង់ សីហា អាយុ ៧ឆ្នាំ ស្ថិត នៅ ភូមិ ត្មាត ពង ឃុំ រុន តាឯក ស្រុក បន្ទាយ ស្រី ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ភាពលំបាកក្នុងគ្រួសារ។

សម្ភារៈ និងថវិកានោះរួមមាន៖ ១-សៀវភៅសរសេរ ២០០ទំព័រ ចំនួន២០ក្បាល និង១៦០ទំព័រចំនួន១០ក្បាល, ២-ប៉ិច ចំនួន១ប្រអប់, ៣-ខ្មៅដៃ ចំនួន១ប្រអប់, ៤-ជ័រលុប ចំនួន១ឈុត, ៥-កាតាប ០១, ៦-បន្ទាត់មួយប្រអប់, ៧-ខ្សែសម្រាប់ព្យួរកាតចំនួន២, ៨-អង្ករ៥០គីឡូក្រាម, ៩-កូនកង់ចំនួន១គ្រឿង និង១០-ថវិកាចំនួន២លានរៀល។

បន្ថែមលើនេះលោក កៅ ថាច បានឲ្យក្រុមការងារស្រាវជ្រាវ បន្តរកបន្តរកក្មួយៗ ដែលស្ថិតក្នុងស្ថានភាពលំបាកដូចក្មួយ គង់ សីហា ដើម្បីលោកអាចធ្វើការជួយឧបត្ថម្ភទាំងសម្ភារៈក៏ដូចជាថវិកាផងដែរ សម្រួលដល់ការរៀនសូត្ររបស់ពួកគេ។

ជាមួយឈុតសម្លៀកបំពាក់ជាសិស្សសាលាដែលមានពណ៌ស្រអាប់ គ្មានស្បែកជើងពាក់ និងភ្ជាប់ដោយថង់ច្រកបណ្ណចាក់វ៉ាក់សាំងចងភ្ជាប់នឹងអាវ កុមារា គង់ សីហា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកើតក្តីអាណិតអាសូរជាខ្លាំងសម្រាប់រូបគេ ហើយក៏មានការឧបត្ថម្ភជាបន្តបន្ទាប់ផងដែរ។

រូបភាពមួយសន្លឹកនេះ មិនត្រឹមតែអន្ទងត្រឹមបេះដូង និងដួងចិត្តរបស់ប្រជាពលរដ្ឋទូទៅនោះទេ តែក៏បានអន្ទងដល់ដួងចិត្ត និងបេះដូងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការចាប់អារម្មណ៍ និងបង្ហាញនូវមោទនភាព ចំពោះការចង់សិក្សារៀនសូត្រ និងការបានចាក់វ៉ាក់សាំងរបស់កុមាររូបនេះ។

សម្តេចតេជោ បានគូសបញ្ជាក់ថា «ខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។ បណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ បានចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ»

សម្តេចតេជោ ក៏បានលើកឡើងផងដែរថា ទោះបីកុមាររូបនេះ មិនមានស្បែកជើងពាក់ តែសម្តេចជឿថា កុមារារូបនេះ ច្បាស់ជាលាងដៃ និងរក្សាអនាម័យបានល្អ៕