(ភ្នំពេញ)៖ ទូកបុរាណដែលម្ចាស់ការដ្ឋានបូមខ្សាច់ ប្រទះឃើញកប់នៅក្នុងដីជម្រៅជាង៧ម៉ែត្រ នៅក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុងអង្គរធំ ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាទទួលយកមករក្សាទុក ក្នុងកសិណអង្គរវត្តហើយ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។

ទូកបុរាណនេះមានប្រវែង១២,៨៣ម៉ែត្រ ជាប្រភេទទូកឃ្លោង ត្រូវបានគេសន្និដ្ឋានបឋមថា ធ្វើពីដើមគគីរ និងជាប្រភេទទូកដែលធ្វើពីដើមឈើ តែមួយដើមគត់។ អ្នកជំនាញពុំទាន់ហ៊ានសន្និដ្ឋានថា វាត្រូវបានគេធ្វើឡើងក្នុងសម័យកាលណា មានអាយុប៉ុន្មាននៅឡើយ គេគ្រាន់តែដឹងថា ទូកប្រភេទនេះ ជាទូកកម្រដែលអ្នកស្រាវជ្រាវមិនងាយបានប្រទះឃើញ។

លោកសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្ត្រនៃគណៈកម្មការធិការ អាយស៊ីស៊ី-អង្គរ ដែលបានទៅពិនិត្យ មើលទូកនៅទីតាំង រកឃើញផ្ទាល់ បានបញ្ជាក់ថា យោងតាមកំណកដីដែលកប់ពីលើទូកមានជម្រៅបែបនេះ វាបញ្ជាក់ប្រាប់ថា ទូកនេះមានអាយុកាលយូរមកហើយ។ ទូកនេះ ជាប្រភេទទូកដែលគេលែងប្រទះឃើញប្រើប្រាស់ក្នុងប្រទេសកម្ពុជាបន្តទៀតដែរ។

នេះជាពិតជាសំណាងណាស់ដែលយើងបានប្រទះឃើញវត្ថុបុរាណ ដែលជាបេតិកភណ្ឌដ៏មានតម្លៃបែបនេះ។ លោកសាស្ត្រាចារ្យបន្ថែមថា លោកនឹងយកបំណែកតូចនៃទូកនេះទៅធ្វើការវិភាគតាមបច្ចេកវិទ្យាវិទ្យាសាស្ត្រ ដើម្បីកំណត់កាលបរិច្ឆេទជាក់លាក់នៃទូកនេះ។

លោក ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋដែលថា គេបានប្រទះឃើញ ទូកបុរាណនៅក្នុងការដ្ឋានបូមខ្សាច់មក លោកបានបញ្ជូនក្រុមការងារធ្វើការជាមួយអាជ្ញាធរភូមិឃុំ ដើម្បីទទួលបានព័ត៌មានជាក់លាក់តាំងពីថ្ងៃទី១៧ ខែមីនា មកម្ល៉េះ តែរកមិនឃើញ ដោយសារម្ចាស់ការដ្ឋានមិនព្រមសហការជាមួយ។ ប៉ុន្តែដោយក្រុមការងារនៅតែបន្តសហការជិតស្និទ្ធ ជាមួយអាជ្ញាធរភូមិឃុំ និងព្យាយាមពន្យល់ម្ចាស់ការដ្ឋានឲ្យបានយល់អំពីតម្លៃនៃបេតិកភណ្ឌ និងច្បាប់នៃការគ្រប់គ្រងនេះជាច្រើនលើកច្រើនសា ទើបនៅព្រឹកថ្ងៃទី៨ ខែមេសានេះគាត់ព្រមសហការជាមួយ ហើយកាយយកទូកដែលកប់ទៅក្នុងភក់នោះឡើងមកវិញ។

លោក  គឹម ឆន មេឃុំលាងដៃបានលើកឡើងថា លោកបានទទួលដំណឹងនៃការឃើញទូកបុរាណនេះជាងពីរសប្តាហ៍មកហើយ ព្រមទាំងបានបញ្ជូនក្រុមប្រឹក្សាឃុំទៅតាមដានទៀតផង។ តែក្រោយមក ម្ចាស់ការដ្ឋានបែរជានិយាយថា មិនបានឃើញទូកបុរាណនោះទៅវិញ ប្រហែលជាដោយសារតែគាត់បារម្ភពីការបិទការដ្ឋានបូមខ្សាច់របស់គាត់ ទើបគាត់ព្យាយាមលាក់ពីពួកយើង។ ប៉ុន្តែ ដោយក្រុមការងារចេះតែតាមដានជាប្រចាំ និងពន្យល់គាត់សព្វគ្រប់ទើបគាត់ព្រមបង្ហាញការពិតដល់ពួកយើង។

អ្នកស្រី សំ យិន រស់នៅភូមិប្រដាក និងជាម្ចាស់ការដ្ឋានបូមខ្សាច់ ដែលបានប្រទះឃើញទូកបុរាណនេះរៀបរាប់ថា អ្នកស្រីបានប្រទះឃើញទូកនេះមែន តាំងតែពីជាង១០ថ្ងៃមុន តែអ្នកស្រីបានឲ្យគេពន្លិចទៅវិញ។ អ្នកស្រីបញ្ជាក់ថា ការដែលអ្នកស្រីចេះតែលាក់នោះគឺដោយសារអ្នកស្រីបាន យល់សប្តិឃើញម្ចាស់ទូក គេមកប្រាប់ថា ត្រូវរៀបចំទូកជាតំណាងឲ្យគេ ព្រមទាំងរៀបចំបាយសី លេងភ្លេងជូនគេ ទើបអាចយកទូកចេញបាន។
ឥឡូវនេះអ្នកស្រីបានរៀបចំទូកតំណាងដែលធ្វើពីដើមខ្លែងគង់ប្រវែង២ចំអាមកន្លះ និងរៀបចំបាយសី១២ថ្នាក់បានរួចរាល់ហើយ ទើបអ្នកស្រីសម្រេចបា្រប់ដល់អាជ្ញាធរនៅពេលនេះ។

សូមបញ្ជាក់ថា ក្នុងពិធីទទួលទូកបុរាណនេះ អាជ្ញាធរជាតិអប្សរាក៏បានឧបត្ថម្ភថវិកាដល់ ម្ចាស់ការដ្ឋានក្នុងការរៀបចំបាយសី និងធ្វើពិធីតំឡើងនៅ ថ្ងៃទី១៣ ខែមេសាខាងមុខ ព្រមទាំងឧបត្ថម្ភដល់កម្មករទាំង២៥នាក់ និងអាជ្ញាធរមូលដ្ឋានដែលបានផ្តល់កិច្ចសហការជ្រោមជ្រែង នាំយកទូកមករក្សាទុកនៅកសិណអង្គរវត្ត ដែលនេះជាគំរូល្អមួយ ក្នុងកិច្ចសហការល្អលើការងារអភិរក្សបេតិកភណ្ឌដូនតាខ្មែរ៕

នៅវេលាព្រឹកមិញនេះ ថ្ងៃទី 08.04.2016 ប្រជាពលរដ្ឋបានប្រទះឃើញ ទូកបុរាណមុនសាងប្រាសាទអង្គរវត្ត ២ឆ្នាំសំរាប់មេទ័ព នៅសម័យមុន ហើយទូកនេះកប់នៅក្នុងជំរៅដីប្រហែល 7-8 ម៉ែត្រ ហើយទូកនេះមានប្រវែងជាង12ម៉ែត្រ នៅក្នុងភូមិ ដូនអៅ ឃុំលាងដៃ ស្រុក អង្គរធំ ខេត្តសៀមរាប

Posted by ព័ត៌មានថ្មី ទាន់ហេតុការណ៍ on Friday, April 8, 2016