(ភ្នំពេញ)៖ ក្រុមអ្នកវិនិយោគអាមេរិក បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះការវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយពួកគេនឹងបន្តពង្រីកការវិនិយោគ និងអាជីវកម្មទាំងឡាយរបស់ពួកគេ ដើម្បីរួមចំណែកដល់ការស្រោចស្រង់សេដ្ឋកិច្ចរបស់កម្ពុជា ដែលជួបវិបត្តិដោយសារជំងឺកូវីដ១៩។

ការអះអាងរបស់ក្រុមអ្នកវិនិយោគអាមេរិកនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារមួយរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN BUSINESS COUNCIL) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

ជំនួបនេះភាគីគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនេះដោយលោក មៃឃើល មីចាឡាក់ អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ និងមានការចូលរួមពីក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានប្រចាំកម្ពុជា មន្ត្រីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា និងក្រុមហ៊ុនជាច្រើនទៀត រួមមាន៖ ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន FordMotor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Walmart ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Visa និងក្រុមហ៊ុន Jhpiego ជាដើម។

ជំនួបរវាងរវាងលោករដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ធ្វើឡើង ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគមកពីសហរដ្ឋអាម៉េរិក។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកបង្ហាញនូវបរិយាកាសល្អប្រសើរមួយចំនួននៅកម្ពុជា ដែលជាឱកាសល្អសម្រាប់ការវិនិយោគនៅកម្ពុជា។ បរិយាកាសប្រសើរដល់ការវិនិយោគដែលលោករដ្ឋមន្ត្រី បានលើកឡើងនោះ ការសម្រេចបានដោយជោគជ័យលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ និងការត្រៀមខ្លួនរបស់កម្ពុជា បើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញជាដើម។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីសក្តានុពលពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក ដែលបានបន្តកើនឡើង ទោះបីមានវិបត្តិជំងឺកូវីដ១៩។ ក្នុងនោះរយៈពេល៨ខែឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានចំនួនជាង ៥.៥ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ២៨.៤៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០។

លោក ប៉ាន សូរស័ក្តិ ក៏បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងគតិយុត្ត ព្រមទាំងគោលនយោបាយផ្សេងៗ ដើម្បីស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជា ដែលមានដូចជា៖ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥, ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់, ច្បាប់ស្តីពីការប្រកួតប្រជែងមុខងារ និងតួនាទីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ជាពិសេស គឺការយកចិត្តទុកដាក់ដល់ការការពារកម្មសិទ្ធិបញ្ញា។ ម្យ៉ាងទៀតកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីឆ្នាំមុន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រួមទាំងសមាជិកភាពរបស់កម្ពុជា នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកទឹកចិត្ត និងបន្តគាំទ្រ សម្របសម្រួលក្រមហ៊ុនអាម៉េរិក ដែលមានសំណូមពរ និងចម្ងល់ផ្សេងៗ អាចទាក់ទងមកក្រសួងពាណិជ្ជកម្ម ឬឯកឧត្តមផ្ទាល់ ដើម្បីដោះស្រាយ និងសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ជាការឆ្លើយតប លោកអគ្គរដ្ឋទូត បានសម្ដែងនូវអំណរសាទរចំពោះកម្ពុជា ដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំង និងការបើកសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញ។ ក្រុមហ៊ុនអាម៉េរិក ក៏បានសម្តែងសុទិដ្ឋិនិយមក្នុងការវិនិយោគនៅកម្ពុជា ហើយសន្យាពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជាផងដែរ។ ជាពិសេស គឺជួយគាំទ្រក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ និងការគាំទ្រកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។

គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់សម្របសម្រួល និងផ្ដល់កិច្ចសហប្រតិបត្តិការដល់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាននៅកម្ពុជា។

រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងការកោតសរសើរ និងអំណរគុណ ចំពោះគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន និងតំណាងក្រុមហ៊ុនទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងកិច្ចប្រជុំនេះ។ លោករដ្ឋមន្ត្រី ក៏បានសម្តែងសុទិដ្ឋិនិយម និងសង្ឃឹមថា ក្រុមហ៊ុនទាំងអស់នឹងបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា៕