(កំពត)៖ អភិបាលខេត្តកំពតលោក ម៉ៅ ធនិន នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាឲ្យចាត់ចែងសមត្ថកិច្ច ដឹកសពជនរងគ្រោះទាំង៧នាក់ យកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តនៅស្រុកដងទង់ នារសៀលថ្ងៃនេះ។

លោកអភិបាលខេត្ត បានចូលរួមបុណ្យសពក្នុងមួយសព៥០ម៉ឺនរៀល អង្ករ១៥០គីឡូក្រាម ព្រមទាំងគ្រឿងបរិភោគជាច្រើនផ្សេងទៀត។

សូមបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សចំនួន៧នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចណ៍ក្រឡាប់រថយន្តនៅលើផ្លូវ៤១ ក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News បានឱ្យដឹងថា រថយន្តរបស់រងគ្រោះ បានធ្វើដំណើរពីទិសដៅពីកើតមកទិសខាងលិច បើកបរក្នុងល្បឿនយ៉ាងលឿន បណ្តាលឱ្យបែកកងរថយន្តក្រឡាប់ចូល ក្នុងប្រឡាយទឹកបណ្តាលឱ្យមនុស្សនៅក្នុងរថយន្តទាំង៧នាក់ បានស្លាប់ទាំងអស់តែម្តង។

ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះ មានប្រុស៤នាក់ ស្ត្រី៣នាក់ និងកុមារីម្នាក់ផងដែរ។ សម្រាប់សាកសពជនរងគ្រោះទាំង៧នាក់នេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងនោះទេ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ជនរងគ្រោះបានធ្វើដំណើរពីស្រុកជុំគីរី ទៅទីរួមខេត្តកំពត ក្នុងនោះ៤នាក់រស់នៅស្រុកជុំគិរី និង៣នាក់ទៀតរស់នៅខេត្តកំពង់ចាម ប៉ុន្តែជាសាច់ញាតិនឹងគ្នា។

បើតាមលោកស្នងការ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីបែកកង់រថយន្ត រួចក្រឡាប់ចូលទឹកតែម្តង។ ក្រៅពីការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសាររងគ្រោះ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យកងកម្លាំងជួយ អន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុផងដែរ៕