(បាត់ដំបង)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងអំពីប្រសាសន៍ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ចំពោះការបាត់បង់ជីវិត ពិការភាព និងរបួសរបស់បងប្អូន ប្រជាពលរដ្ឋថា «ទោះបីការបាត់បង់ជីវិត ឬពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល»។

នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ក្នុងពិធីតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយការអប់រំ ការយល់ដឹង អំពីមីន និងសំណល់ជាតិផ្ទុះពី សង្រ្គាម នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមុខវិទ្យាល័យកំរៀង ស្ថិតក្នុងឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់បន្ថែមទៀងថា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅចុងឆ្នាំ១៩៩៨ កម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល មានលទ្ធភាពគ្រប់គ្រាន់ ចាត់ចែងការងារវិស័យសកម្មភាពមីននៅគ្រប់តំបន់ ដែលរងការគម្រាមកំហែងដោយសារគ្រាប់ប្រកបដោយប្រសិទ្ធភាព ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ការគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិ ផ្ទុះពីសង្រ្គាម នៅតែបន្តកើតមានឡើងជារៀងឆ្នាំ បង្កឲ្យប្រជាពលរដ្ឋបាត់បង់នូវអាយុជីវិត ធ្លាក់ខ្លួនពិការ និងរបួសស្នាម ដែលមូលហេតុនេះ ការផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាផ្នែកមួយសំខាន់ក្នុងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់នេះ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានស្នើអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុកទាំងអស់ ជួយធ្វើការអប់រំការអប់រំយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឲ្យបានទូលំទូលាយជាសាធារណៈប្រកបដោយប្រសិទ្ធភាព នៅក្នុង និងក្រៅសហគមន៍របស់ខ្លួន ដើម្បីចៀសវាងពីគ្រោះថ្នាក់ពីគ្រាប់ទាំងនោះជាយថាហេតុ និងធ្វើការជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតាមសាលារៀនទៅ ដល់សិស្សានុសិស្ស ដែលនឹងចូលរៀននាថ្ងៃខាងមុខនេះ។

ជាមួយគ្នានេះ ក្នុងនាមសម្តេចតេជោ លោកទេសរដ្ឋមន្រ្តី លី ធុជ បានសំណូមពរឲ្យអ្នកតំណាងរាស្រ្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ បន្តចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋាននីមួយៗ អំពីការគ្រោះថ្នាក់ជាយកថាហេតុណាមួយ ដែលអាចកើតឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របពេលមានករណីគ្រោះថ្នាក់លើកុមារដោយការលេងគ្រាប់ នាប៉ុន្មានថ្ងៃចុងក្រោយនេះ។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ នៅស្រុកកំរៀង ខេត្តបាត់ដំបង មានផ្ទៃដីបោសសម្អាតរួចប្រមាណ ២៧គីឡូម៉ែត្រក្រឡា រកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៤០ ០៦៥ គ្រាប់ មីនតោនចំនួន ៤៦៤ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៥ ២៦៥ គ្រាប់ និងមានផ្ទៃដីដែលនៅសល់ប្រមាណ ២គីឡូម៉ែត្រក្រឡា ស្មើនឹងចម្ការមីនចំនួន៥៨។

យោងតាមទិន្នន័យ CMVIS របស់អាជ្ញាធរមីន ចាប់ពីឆ្នាំ១៩៧៩ ដល់ខែតុលា ឆ្នាំ២០២១ ស្រុកកំរៀង មានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមសរុប ៥៧៣ នាក់ ក្នុងនោះដោយសារមីន ៤៩២ នាក់ និងគ្រាប់ ៨១ នាក់៕