(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានផ្ញើសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីខួបគម្រប់១៧ព្រះវស្សា ការយាងឡើងគ្រងព្រះបរម សិរី រាជសម្បត្តិរបស់ព្រះអង្គនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងសារលិខិតនោះមានខ្លឹមសារថា «ទូលព្រះបង្គំ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃគណបក្សហ៊្វុនស៊ិនប៉ិច មាន
សេចក្តីសោមនស្សរីករាយ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបថ្វាយនូវព្រះសព្ទសាធុការពរជ័យ មហាប្រសើរ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីគម្រប់ខួប ១៧ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពស្នេហាដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយ័ពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា និងមានឫទ្ធិបារមីឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីគង់ប្រថាប់លើព្រះបរមសិរីរាជសម្បត្តិ ប្រកបដោយទសពិធរាជធម៌ សម្រាប់ជានិមិត្តរូបនៃឯកភាពជាតិ និងភាពសម្បូរសប្បាយរុងរឿងនៃប្រជាជាតិខ្មែរ
ជានិច្ចនិរន្តរ៍តរៀងទៅ។

ឆ្លៀតឱកាសដ៏មានសិរីសួស្តីជ័យមង្គលនេះ ទូលព្រះបង្គំយើងខ្ញុំ ក៏ដូចជាប្រជារាស្រ្តជាកូនចៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីត្រេកអរ និងសូមសម្តែងនូវសេចក្តីគោរពកោតសរសើរដ៏ស្មោះថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដែលទ្រង់គ្រងរាជសម្បត្តិប្រកបដោយទសពិធរាជធម៌ និងព្រហ្មវិហារធម៌ថ្លៃថ្លា ក្នុងព្រះរាជសកម្មភាពមនុស្សធម៌ វប្បធម៌ សង្គមកិច្ច សាសនា អប់រំ និងសុខាភិបាលបន្តវេនតាមព្រះរាជលំអានគម្រូវីរភាពដ៏ឧត្តុង្គឧត្តមនៃព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីសោកស្តាយនៃប្រជារាស្ត្រខ្មែរ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព វឌ្ឍនភាពលើគ្រប់វិស័យ ប្រកបដោយភាពរឹងមាំស្ថិតស្ថេរ ក្រោមម្លប់ព្រះបារមីនៃព្រះរាជបល្ល័ង្ក នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង។

ជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណមបួងសួងដល់គុណបុណ្យបារមីព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា អភិបាល ប្រោះព្រំព្រះសព្ទសាធុការពរជ័យមហាបវរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមទ្រង់បានសម្រេចនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

សូមបញ្ជាក់ថា នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ គឺជាខួបលើកទី១៧ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែល ព្រះបរមរតនកោដ្ឋ បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤៕