(ត្បូងឃ្មុំ)៖ លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិប្រឆាំងកូវីដ១៩ និងលោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បាននាំអំណោយរបស់ចែកអំណោយសប្បុរសធម៌របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុន្នី ចែកជូនប្រជាពលរដ្ឋចំនួន៤៤៤គ្រួសារ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ មកពីឃុំទ្រៀក និងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចសំណេះសំណាលរបស់ លោក ហាក់ សុខមករា បានពាំនាំការសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត និងភរិយា ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរលោក ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលបានបរិច្ចាគតាមរយៈមូលនិធិកម្ពុជាប្រឆាំងជំងឺកូវីដ១៩នេះ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយសារជំងឺកូវីដ១៩។

ក្នុងឱកាសនោះផងដែរ លោក ហាក់ សុខមករា ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់ខ្ពស់ នៅពេលដឹងថាមានការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋណាម្នាក់ ដើម្បីបញ្ជូនពួកគាត់ទៅធ្វើការព្យាបាល ហើយសម្រាប់អ្នកពាក់ព័ន្ធត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កក្នុងមណ្ឌលតែម្តង គឺមិនត្រូវទុកពួកគាត់ធ្វើចាត្តាឡីស័កនៅផ្ទះទេ ព្រោះវាអាចជាប្រភពនៃការចម្លងប្រសិនបើពួកគាត់មិនបានគោរពតាមវិធានរបស់គ្រូពេទ្យ ឬអាជ្ញាធរ។

លោកក៏បានលើកឡើងផងដែរ ពីផលលំបាកនៃជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះជម្រាបដល់ប្រជាពលរដ្ឋ និងបានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ខិតខំថែទាំសុខភាពឱ្យបានល្អ ជាពិសេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលមាន «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យកើតក្នុងគ្រួសារ និងសហគមន៍។

អំណោយដែលបានចែកជូននាឱកាសនេះរួមមាន៖ អង្ករ ១បាវ (២៥គីឡូ), មី ១កេស (២៤កញ្ចប់), ត្រីខ១យួរ (១០កំប៉ុង), ទឹកត្រី ១យួរ (៦ដប), ទឹកស៊ីអីវ ១យួរ (៦ដប), កញ្ចប់ថ្នាំពេទ្យ និងម៉ាស ១កញ្ចប់, ដែលលាងដៃ ១ដប, ទឹកសារ៉ូខ្ចីទឹកឃ្មុំ ១ប្រអប់, ច្រាស់ដុសធ្មេញ ១ដើម, កន្ត្រៃកាត់ក្រចក ១ដើម និងសាប៊ូបោកសំលៀកបំពាក់កូនក្មេង ១ដប៕