(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានដាក់បញ្ជាឱ្យមន្ត្រីនៅតាមមន្ទីរ អង្គភាពនានា ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត ត្រូវអនុវត្តការគោរពទង់ជាតិ នៅថ្ងៃចន្ទដើមសប្តាហ៍ មុនម៉ោងចូលបំពេញការងារ ដើម្បីចូលរួមចំណែកលើកតម្កើងជាតិសាសន៍។

លោក ញ៉ែម សំអឿន បានឱ្យដឹងថា ការគោរពទង់ជាតិមានអត្ថន័យណាស់ គឺការបង្ហាញនូវពេលវេលាមន្ត្រីរាជការ ការស្រឡាញ់ជាតិរបស់យើង, ជួបជុំមនុស្សជាសហការីរបស់យើងធ្វើការជាមួយគ្នា, ជួបជុំគ្នា១៥នាទីសំណេះសំណាលគ្នា, ប្រជុំគ្នា ជាការគោរពស្រឡាញ់គ្នា, ញញឹមដាក់គ្នាមុនចូលការិយាល័យធ្វើការរៀងៗខ្លួន ជាដើម។ល។

លោកអភិបាលខេត្តបានបន្តថា «ការគោរពទង់ជាតិជារៀងរាល់ថ្ងៃចន្ទដើមសប្តាហ៍ មានរយៈពេល១០ ទៅ១៥នាទី ដោយមានចាក់ភ្លេងជាតិ ច្រៀងដោយខ្លួនឯង ហើយចប់ការគោរពទង់ជាតិ គឺថែមបទចម្រៀងពង្សសាវតាខ្មែរ ដែលជាគោរពបាវចនា ជាតិ សាសនា ព្រះមហាក្សត្រដែរ និងដើម្បីដាស់សតិអារម្មណ៍មន្ត្រីរាជការលើកតម្កើងជាតិសាសន៍យើងកុំឱ្យជាតិសាសន៍ ដទៃមើលងាយពោល គឺមានតែយើងស្រលាញ់ជាតិសាសន៍ខ្មែរយើង»

សូមរំឮកផងថា ដើម្បីចូលរួមកែប្រែសោភ័ណភាព ក្នុងអាណត្តិនេះ លោក ញ៉ែម សំអឿន បានរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបានលុង ឱ្យមានភាពស្រស់ស្អាត ដោយកំណត់យកថ្ងៃសុក្រចុងសប្តាហ៍ ជាទិវាអនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បន្ថែមទៀតមកកម្សាន្ត ក្នុងខេត្តនៃភូមិភាគឦសាន្តកម្ពុជា ដែលសំបូរទៅដោយសម្រស់ធម្មជាតិយ៉ាងស្រស់ត្រកាលផងដែរ៕