(ព្រះសីហនុ)៖ អង្គការ ថែទាំកុមារម្លប់តាប៉ាង ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក រួមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអុង ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានទទួលនូវកញ្ចប់ថែទាំជាស្បៀង សម្ភារវេជ្ជសាស្ត្រ និងសម្ភារអនាម័យពីក្រុមហ៊ុន ខានូភី ស៊ែន ឌីវេឡុបម៉ិន។

ការផ្សព្វផ្សាយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការបន្តគាំទ្រដល់សហគមន៍មូលដ្ឋាន ស្របពេលដែលប្រទេសកម្ពុជា បើកដំណើរការឡើងវិញ ក្នុងការស្តារស្ថានភាពប្រទេស ក្រោយការរាតត្បាតនៃជម្ងឺកូវីដ-១៩។

ក្រុមការងារ Canopy Sands បានប្រគល់កញ្ចប់ស្បៀងចំនួនប្រមាណ ៣០តោន ដែលផ្ទុកនូវសម្ភារចាំបាច់ដូចជា អង្ករ ប្រេងឆា និងអាហារកំប៉ុង នៅក្នុងកម្មវិធីផ្សព្វផ្សាយរបស់ខ្លួន ដែលមានការចូលរួមពីសំណាក់ អង្គការ ម្លប់តាប៉ាង និងប្រជាពលរដ្ឋរស់នៅភូមិអុងផងដែរ។

លើសពីនេះទៅទៀត ក្រុមហ៊ុនក៏ បានបរិច្ចាគ សម្ភារវេជ្ជសាស្ត្រ និងសម្ភារអនាម័យផ្សេងៗដល់អង្គការ ម្លប់តាប៉ាង រួមជាមួយនឹងជំនួយផ្នែកអប់រំ ដូចជាកាបូប សម្រាប់សិស្សដែលបញ្ជាទិញតាមរយៈមូលនិធិ Indochina Starfish ដែលជាអង្គការសប្បុរសធម៌កម្ពុជា ផ្តោតលើគំនិតផ្តួចផ្តើមផ្នែកអប់រំសម្រាប់កុមារក្រីក្រនៅកម្ពុជា។

លោក Khong Weng Fook នាយកគ្រប់គ្រង Canopy Sands បានថ្លែងថា «ការស្វែងយល់ពីតម្រូវការចាំបាច់របស់ពួកគេ មុននឹងសម្រេចនូវការរៀបចំដាក់រួមបញ្ចូលគ្នា នូវកញ្ចប់ថែទាំទាំងអស់នេះ រួមមានស្បៀង សម្ភារវេជ្ជសាស្ត្រ និងសម្ភារអនាម័យ»

លោកសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីដែលកំពុងដំណើរការបែបនេះ នឹងរួមចំណែកក្នុងការជួយកាត់បន្ថយ នូវភាពលំបាករបស់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតកូវីដ-១៩។

អង្គការ ម្លប់តាប៉ាង គឺជាអង្គការសប្បុរសធម៌ឈានមុខគេមួយក្នុងខេត្តព្រះសីហនុ ហើយបច្ចុប្បន្នអង្គការនេះ បានមើលថែទាំដល់កុមារប្រមាណជាង ៥,០០០នាក់ ក្នុងខេត្តព្រះសីហនុ ដោយផ្តល់នូវសុខសុវត្ថិភាព ការមើលថែទាំសុខភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល និងការងារផ្សេងៗប្រកបដោយសុវត្ថិភាព ការប្រឹក្សាយោបល់ ការគាំទ្រផ្នែកចិត្តសង្គម ការពង្រឹងនិងការការពារគ្រួសារពីការរំលោភបំពានផ្សេងៗ។

ភូមិ អុង ជាទីលំនៅរបស់ប្រជាពលរដ្ឋជាង២០០គ្រួសារ ដែលស្ថិតនៅជិតគម្រោងទីក្រុងរាម ដែលជាគម្រោងរបស់ ក្រុមហ៊ុន Canopy Sands។

កាលពីដើមខែកញ្ញាកន្លងទៅ មូលនិធិព្រីនស៍ បានឆ្លើយតបទៅនឹងសំណើសុំជំនួយពីសំណាក់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃជម្ងឺកូវីដ-១៩ ដោយបានបរិច្ចាគឈុតឧបករណ៍ការពារផ្ទាល់ខ្លួន PPE សរុបចំនួន ៥,០០០ឈុត ឧបករណ៍ធ្វើតេស្តរហ័សអង់ទីហ្សែនសរុបចំនួន ១,០០០ឈុត និងទឹកអាកុលលាងដៃសរុបចំនួន ៤,៥០០លីត្រ។

ក្នុងខែនោះដែរ មូលនិធិព្រីនស៍ ក៏បានដាក់ឲ្យដំណើរការនូវអាហារូបករណ៍ ចេន ហ្ស៊ី ដោយផ្តល់ថ្លៃសិក្សាពេញលេញ ជាមួយនិងប្រាក់ឧបត្ថម្ភ ដល់និស្សិតសាកលវិទ្យាល័យនៅកម្ពុជា សរុបចំនួន ៤០០នាក់ តាមរយៈការវិនិយោគដែលគិតជាទឹកប្រាក់មានចំនួន២លានដុល្លារសហរដ្ឋអាមេរិក ក្នុងអំឡុងពេលប្រាំពីរឆ្នាំខាងមុខនេះ។

ការផ្តល់ជូននូវជំនួយដ៏ចាំបាច់តាមរយៈអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនានា រួមទាំងអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុន Canopy Sands បាននឹងកំពុងធ្វើការ ដើម្បីបង្កើតនូវកិច្ចសន្ទនាក្នុងន័យ ស្ថាបនារវាងសហគមន៍មូលដ្ឋាន និងអ្នកអភិវឌ្ឍន៍ ដើម្បីធានាឲ្យមានទំនាក់ទំនងយូរអង្វែងប្រកបដោយផលិតភាព។

នៅក្នុងពិធីចែកអំណោយនៅភូមិអុង លោក លីន សារិន ជាមេឃុំរាមបានសម្តែងនូវការគាំទ្រចំពោះគម្រោង ទីក្រុងរាម ដោយសង្ឃឹមថា ភាពជោគជ័យនៃគម្រោងនេះ នឹងនាំមកនូវភាពរុងរឿងដល់សហគមន៍មូលដ្ឋានរបស់គាត់ផងដែរ៕