(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេ តាមរយៈបណ្តាញព័ត៌មាន Fresh News បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌដង្កោ និងខណ្ឌកំបូល សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ដែលកំពុងហក់ឡើងខ្ពស់គួរឲ្យបារម្ភ។

លោក ឃួង ស្រេង បានបញ្ជាក់ថា សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកអាចនឹងឡើងខ្ពស់ បណ្តាលឱ្យជន់លិចលង់ភូមិដ្ឋាន។

ការអំពាវបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងបន្ទាប់ពីលោកបានចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាកម្លាំង ដើម្បីទប់ទំនប់ទំនប់សណ្តស្ទឹងព្រែកត្នោត កុំឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ស្របពេលដែលមាន ការបើទ្វារទឹកពីខេត្តកំពង់ស្ពឺ ធ្វើឱ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។

លោកបានបញ្ជាឱ្យមន្ទីរធនធានទឹក និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាធ្វើការងារនេះ ជាមួយមន្ទីរពាក់ព័ន្ធរបស់ខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ឱ្យបាននូវគ្រោះមហន្តរាយនេះ។ ដោយឡែកភ្នំពេញយើងកន្លះខែកន្លងមកនេះ ទាំងអាជ្ញាធររាជធានីភ្នំពេញ ទាំងអាជ្ញាធរខណ្ឌសង្កាត់ និងមន្ទីរពាក់ព័ន្ធ គឺយើងបានធ្វើកិច្ចការងារនេះយ៉ាង សកម្មដើម្បីទប់ស្កាត់ឲ្យបាននូវគ្រោះមហន្តរាយ បណ្ដាលមកការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនេះ។

បន្ថែមពីលើនេះទៀត លោកក៏បានស្នើសុំទៅកម្លាំង កងអង្គរក្សនូវកម្លាំងប្រមាណ៥០០នាក់ ដើម្បីជួយអន្តរាគមន៍ធ្វើការងារនេះផងដែរ។ ក្រៅពីនេះក្រសួងធនធានទឹក ក៏បានដល់នូវអេស្កាវ៉ាទ័រចំនួន១៥គ្រឿង ដាក់លើទីតាំងនេះផងដែរដើម្បី ទប់ទំនប់ ទប់ស្កាត់នូវការលិចលង់នេះ។

លោកបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងនៅតាមស្ទឹងតាមតំបន់ភ្នំ វាពិតជាមិនងាយស្រួលគ្រប់គ្រងបាន ដូចទឹកទន្លេជន់លិចនោះទេ ។ ការបើកទ្វារទឹកនៅខេត្តកំពង់ស្ពឺនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងនេះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ តុលាខាងមុខនេះ ចំណែកអាជ្ញាធរ គឺនៅជាប់ជានិច្ចជាបងប្អូនប្រជាពលរដ្ឋ បានន័យថា មានហានិភ័យអ្វីគឺយើងអាចជួយពួកគាត់បានភ្លាមៗ។

លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបញ្ហាសត្វអាសេរពឹស ដូចជាពស់ជាដើម និងការពារកូនតូចៗ កុំឲ្យចុះលេងទឹក ដែលនាំឲ្យជួបបញ្ហាលិចលង់ជាយថាហេតុ៕