(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បាននាំរថយន្តការពារ រថយន្តបំពាក់សារ៉ែន របស់បញ្ជាការដ្ឋានអង្គរក្សចំនួន ៥៦គ្រឿង បានអនុវត្តបង់ពន្ធអាករជូនរដ្ឋរួចរាល់ហើយ ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមមន្ត្រីនៅទីបញ្ជាការដ្ឋានអង្គរក្សរបស់សម្តេចតេជោ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមមន្ត្រីទីបញ្ជាការដ្ឋានអង្គរក្សរូបនេះបានឱ្យដឹងថា «បញ្ជាការដ្ឋានអង្គរក្ស បានធ្វើជាគំរូគេក្នុងការអនុវត្តបង់ពន្ធអាករចូលរដ្ឋ ឡាននៅក្នុងបន្ទាយហ្នឹង គឺអត់មានឡានណាអត់បង់ពន្ធនោះទេ គឺបង់ពន្ធទាំងអស់ លើកលែងតែឡានទាហានដឹកជញ្ជូន ឡានពន្លត់អគ្គីភ័យ ឡានពេទ្យ ឡានការពារដែលដាក់នៅវិមានឯករាជ្យ និងឡានចល័តការពារទាំងអស់ គឺសុទ្ធតែបង់ពន្ធ គឺមានចំនួន៥៦គ្រឿង»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ បានណែនាំឲ្យក្រសួងស្ថាប័នទាំងអស់ ត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី។

សេចក្តីប្រកាសព័ត៌មានបានដកស្រង់ប្រសាសន៍របស់សម្តេចតេជោថា «ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធ និងអាករមិនអាចចរាចរលើដងផ្លូវបានឡើយ គឺជារថយន្តខុសច្បាប់ ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត»

សម្តេចតេជោបានសង្កត់ធ្ងន់បញ្ជាក់ថា ក្នុងករណីចាំបាច់ ប្រសិនបង្ក្រាបបានរថយន្តសេរីទំនើបគ្មានពន្ធ ដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាជាដើម ដែលមិនគោរពច្បាប់ និងបន្តប្រើប្រាស់រថយន្តនោះ ត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់រថយន្តជូនសម្តេច ដើម្បីសម្តេចមានវិធានការដកមុខតំណែង និងបណ្ដេញចេញពីគណបក្សថែមទៀត៕