(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបបានអនុម័តគម្រោងវិនិយោគថ្មីចំនួន៧ទៀត ដោយបង្កើតការងារថ្មីរាប់ពាន់កន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ TREND APPAREL CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៣២៣ និងលេខ៣២៤ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦៨កន្លែង។

២៖ BLINGTEX (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៩កន្លែង។

៣៖ EPIC INTERNATIONAL CO., LTD: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង មានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៥កន្លែង។

៤៖ SMART SHINE GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២ ២១៩កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

៥៖ Jayee Furniture (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតសាឡុងស្បែក គ្រឿងសាឡុងឈើ និងកេះកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ១.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១៥០កន្លែង។

៦៖ Starray Lighting (Cambodia) Enterprise Co., Ltd គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ២.៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៧០០កន្លែង។

៧៖ RMKH Glove (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៨០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៧៨០កន្លែង៕