(ភ្នំពេញ)៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ បញ្ជៀសកុំឱ្យទឹកភ្លៀងជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំឱ្យក្រុមការងារដឹកនាំកម្លាំងលើកទំនប់ទប់ទឹក ចុះកើបកាយយកកាកសំណល់ ចេញពីមាត់លូព្រមទាំងដោះស្រាយទឹកដក់តាមបណ្តោយផ្លូវជាតិលេខ១ និងត្រួតពិនិត្យសកម្មភាពជីកដាក់លូរថ្មី។

ជាក់ស្តែងក្នុងរយៈពពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផា អភិបាលរងតំណាងលោកអភិបាលខណ្ឌ បានបែងចែកកម្លាំងចុះធ្វើការងារ ៤គោលដៅផ្សេងគ្នា ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងត្រៀមដោះស្រាយបញ្ហាជំនន់ទឹកភ្លៀវក្នុងរដូវវស្សា។

ទីតាំងដែលក្រុមការងាររដ្ឋបាលខណ្ឌ ចុះទៅកាយប្រឡាយ ជីកកប់លូរ លើកទំនប់ទប់ទឹក និងកើបកាយយកកាកសំណល់ចេញពីមាត់លូ រួមទាំងបូមទឹក ចេញពីចិញ្ចើមផ្លូវជាតិលេខ១ បានធ្វើឡើងចំនួន ៤ទីតាំង រួមមាន៖

*ទីតាំងទី១៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលេាក ណុប ផា និងលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដាក់គ្រឿងចក្រកាយប្រឡាយដើម្បីរំដោះទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយទឹកភ្លៀង ស្ថិតក្នុងភូមិរបោះអង្កាញ់ និងរបោះអង្កាញ់១ ក្នុងសង្កាត់ព្រែកឯង។

*ទីតាំងទី២៖ អនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រលប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ពេលភ្លៀងកំពុងតែធ្លាក់ខ្លាំង លោក គុយ គឹមហៀង ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន និងសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ខណ្ឌបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ចុះកាយបង្ហូរទឹកដែលដក់លើផ្លូវនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី១ ច្បារអំពៅទី២ និរោធ វាលស្បូវ និងផ្លូវលេខ១១៤ ហៅជាទូទៅថាផ្លូវរោងចក្រថៃហ្គ័រ ក្នុងភូមិសាស្ត្រ សង្កាត់ព្រែកឯង។

*ទីតាំងទី៣៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក ចេង មុនីរ៉ា បានចាត់លោក ណុប ផា និងលោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលខណ្ឌ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ យុវជន និងប្រជាការពារសង្កាត់វាលស្បូវ ចុះលើកទំនប់ទប់ទឹកនៅចំណុចទួលជ្រំ ស្ថិតក្នុងភូមិក្តីតាកុយ ដើម្បីការពារកុំឱ្យទឹកហូរចូលលំនៅដ្ឋានប្រជាពលរដ្ឋ។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌក៏បានរៀបចំដាក់ម៉ាសុីនបូមទឹកចេញពីតំបន់លិចលង់នេះដែរ។

និងទីតាំងទី៤៖ នៅទី២២ ខែតុលា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលខណ្ឌច្បារអំពៅ សហកាជាមួយសប្បុរសជន រៀបចំដាក់បណ្តាញលូចំនួន១ខ្សែ ប្រវែង២៥០ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងភូមិតាងៅកណ្តាល សង្កាត់និរោធ ដើម្បីរំដោះទឹកភ្លៀង។

ដោយឡែក ដើម្បីកែលំអរបរិវេណ នៅក្នុងអគាររដ្ឋបាលសាលាខណ្ឌ ឱ្យមានសោភ័ណភាព នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌ បានដឹកនាំកម្លាំងគាស់កាយយកការ៉ូឡាចាស់ចេញពីបរិវេណសាលាខណ្ឌ ហើយចាក់បេតុងថ្មីឡើងវិញ ជំនួសការ៉ូឡា ដែលមានសភាពបែកបាក់ស្រុតស្ទើគ្រប់កន្លែង។ ឃើញសភាពបែបនេះលោកអភិបាលខណ្ឌបានណែនាំឱ្យក្រុមការងាររដ្ឋបាលខណ្ឌរៀបចំបរិវេណសាលាឱ្យមានសោភ័ណភាពឡើងវិញ៕