(សៀមរាប)៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានប្រគល់ជ័យលាភី «សាលាមេត្រីបរិស្ថាន» ដល់សាលាបឋមសិក្សាក្រវ៉ាន់ ដែលជាប់កម្រិតមេដាយប្រាក់ ក្នុងឆ្នាំ២០២១នេះ។

លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ព្រមទាំងមានចូលរួមពីលោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរអប់រំខេត្ត និងអាជ្ញាធរសង្កាត់វិស័យឯកជន បានប្រគល់វិញ្ញាបនបត្រចំណាក់ថ្នាក់លេខ២ ឬមេដាយប្រាក់ សាលាមេត្រីបរិស្ថាន ប្រចាំឆ្នាំ២០២១ ដល់សាលាបឋមសិក្សាក្រវ៉ាន់ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប។

លោក សៅ សុភាព បានចូលរួមអបអរចំពោះសាលាបឋមសិក្សាក្រវ៉ាន់ ដែលត្រូវបានក្រសួងបរិស្ថាន ជ្រើសរើសនិងប្រគល់បណ្ណសរសើរ ជាប់ជ័យលាភីលេខ២ ថ្នាក់ជាតិជាសាលាមេត្រីបរិស្ថាន សម្រាប់ឆ្នាំ២០២១។ លោកបន្តថា ការប្រឡងសាលាមេត្រីបរិស្ថាន ចាប់ផ្តើមតាំងពី២០១៧មក រីឯឆ្នាំ២០២១ នេះជាការប្រឡងលើកទី៣ ហើយជ្រើសរើសបានសាលាចំនួន៦ កម្រិតមធ្យមសិក្សាចំនួន២ និង៣ទៀតកម្រិតបឋមសិក្សា។

ដោយឡែក លោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថា បន្ទាប់ពីបានឃើញបរិស្ថាន និងសោភ័ណភាពសាលានេះរួច លោកនឹងពិចារណា ដើម្បីយកសាលាបឋមសិក្សាក្រវ៉ាន់ ដាក់ជាបេក្ខភាព ដើម្បីត្រៀមប្រឡងសាលាមេត្រីបរិស្ថានថ្នាក់អាស៊ាន។

លោកបន្តទៀតថា កាលពីឆ្នាំ២០១៩ ខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រឡងសាលាមេត្រីបរិស្ថានថ្នាក់អាស៊ាន ហើយនៅពេលនោះដែរ កម្ពុជាបានជាប់ជាសាលាមេត្រីបរិស្ថានអាស៊ានផងដែរ។ ក្រៅពីនេះ លោក ជួប ប៉ារីស៍ បានបង្កើបពីផែនការការរៀបចំកម្មវិធីប្រកួតប្រជែង អារាមមេត្រីបរិស្ថានផងដែរ ព្រោះខេត្តសៀមរាប មានវត្តចាស់ៗ ជាច្រើន ដែលមានរចនាប័ទ្មប្រហាក់ប្រហែលទៅនិងប្រាសាទអង្គរវត្តដែរ។

លោក ឌី សំណាង នាយកសាលាបឋមសិក្សាក្រវ៉ាន់ បានលើកឡើងថា ក្នុងឆ្នាំ២០២០ និង២០២១នេះ សាលាមានអាគារសិក្សាសង់អំពីឥដ្ឋ ប្រកក្បឿង ក្រាលការ៉ូ ចំនួន ៥អាគារ ចំនួន ១៣បន្ទប់ មានសិស្សានុសិស្សចំនួន៨៣៧ ស្រី ៤១០ និងលោកគ្រូ អ្នកគ្រូ២៧នាក់ ស្រី២២នាក់។ លោកបន្តថា ដោយមានការផ្តួចផ្តើម សហការ ពីលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងវិស័យឯកជន ក្នុងការរួមគ្នាថែរក្សា អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ទើបធ្វើឱ្យសាលា ទទួលបានការវាយតម្លៃ ពីក្រសួងបរិស្ថាន និងក្រសួងអប់រំ បានផ្តល់ចំណាត់ថ្នាក់លេខ ២ ថ្នាក់ជាតិ នាពេលនេះ។

លោកនាយកសាលា ក៏បានថ្លែងអំណរគុណចំពោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសប្បុរសជន ព្រមទាំងព្រះគ្រូចៅអធិការ ទើបសាលាបឋមសិក្សាក្រវ៉ាន់ ទទួលបានជ័យលាភីក្នុងឆ្នាំ២០២១នេះ។

គួររំលឹកផងដែរ សាលាបឋមសិក្សាសិក្សាក្រវ៉ាន់ ត្រូវបានកសាងឡើងអំឡុងឆ្នាំ១៩៨២ និង១៩៨៣ ដោយសហគមន៍ រួមជាមួយនិងព្រះសង្ឃគង់នៅវត្តអង្គរខាងជើង។ សាលានេះ ដែលស្ថិតនៅក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប៕