(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅកាស៉ីណូ ដឹសេនជូរី និងផ្អាកអាជីវកម្មកាស៉ីណូនេះបណ្តោះអាសន្នសិន។

កាស៊ីណូដឹសេនជូរីខាងលើនេះ គឺមានអាសយដ្ឋានស្ថិតនៅផ្លូវ៨២៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សេក្ដីសម្រេចបានបញ្ជាក់ថា ក្រោយពេលបញ្ចប់ជាមណ្ឌលធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយនោះ អ្នកគ្រប់គ្រងកាស៉ីណូត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

សូមជម្រាបថា កាលពីចុងខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចដាក់កាស៊ីណូដឹសេនជូរីនេះ ជាមណ្ឌលចត្តាឡីស័ក កន្លែងព្យាបាលជំងឺកូវីដ១៩ និងកន្លែងធ្វើចត្តាឡីស័កបន្តចំពោះអ្នកដែលបានជាសះស្បើយ។ ការចាត់វិធានការនេះ គឺធ្វើឡើងក្រោយពីមានបុគ្គលិកស្រីមួយចំនួនដែលបម្រើការងារនៅក្នុងកាស៊ីណូមួយនេះ បានឡាយតាមបណ្តាញសង្គម Facebook បង្ហាញពីការមិនយកចិត្តទុកដាក់របស់អាជ្ញាធរ និងក្រុមគ្រូពេទ្យទៅលើការព្យាបាលអ្នកជំងឺនៅទីនោះ។

រហូតមកដល់ថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុក៏បានសម្រេចលែងឲ្យកាស៉ីណូដឹសែនជូរីនេះជាមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ទៀតហើយ។ រដ្ឋបាលខេត្តក៏បានសម្រេចផ្អាកអាជីវកម្មកាស៊ីណូនេះជាបណ្តោះអាសន្នសិនដែរ ដើម្បីឱ្យកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងបន្តនីតិវិធី៕