(ព្រះសីហនុ)៖ កម្លាំងចម្រុះខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានបើកប្រតិបត្តិការបង្ក្រាបករណីលួចកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ នៅស្រុកព្រៃនប់ ឃាត់មនុស្សចំនួន៤៣នាក់ ក្នុងនោះមនុស្សចំនួន៦នាក់ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការបន្ត។ នេះបើយោងតាមលោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បញ្ជាក់ប្រាប់បណ្តាញពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២២ ខែតុលានេះ។

លោកបានឱ្យ ដឹងថា ដោយឡែកអ្នកពាក់ព័ន្ធចំនួន ៣៧នាក់ទៀត បន្ទាប់ពីធ្វើការសាកសួរ និងធ្វើកិច្ចសន្យា គឺបានឱ្យមេឃុំចៅសង្កាត់របស់ពួកគាត់មកធានាត្រឡប់ទៅលំនៅដ្ឋានវិញ។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបទប់ស្កាត់បទល្មើសកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់នេះ គឺធ្វើឡើងដោយមានការណែនាំ ពីលោក គួច ចំរើនអភិបាលខេត្ត និងការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រុមការងារចម្រុះបានចុះទៅកន្លែងកើតហេតុជាលើកទី២ ដើម្បីឃាត់ខ្លួនមនុស្ស ដែលកំពុងនៅលើទីតាំងជាក់ស្តែងបានចំនួន ៤៣នាក់ ស្រី០៨នាក់។

គួរឱ្យដឹងថា កាលពីវេលាម៉ោង០២រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ ខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ បានចុះពិនិត្យ និងទប់ស្កាត់សកម្មភាពកាប់រានដីព្រៃឈើ នៅចំណុចបាតខ្ទះ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមលោក ឃាង ភិរម្យ នៅពេលក្រុមការងារចម្រុះ បានចុះទៅដល់ចំណុចកើតហេតុខាងលើ ឃើញមានមនុស្សចំនួន៥៨នាក់ កំពុងធ្វើសកម្មភាពកាប់រានដីព្រៃ និងចងតង់ធ្វើជាជម្រក ក្នុងនោះក្រុមការងារចម្រុះបានធ្វើការណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាព និងត្រឡប់ទៅលំនៅដ្ឋានវិញ។

ជុំវិញករណីនេះដែរ លោកបានបញ្ជាក់ថា យោងតាមចម្លើយរបស់ប្រជាពលរដ្ឋទាំងនោះ គឺមានទាំងអ្នកក្នុងខេត្ត និងក្រៅខេត្តត្រូវបានមេខ្យល់ដែលមានអង្គការចាត់តាំងបានធ្វើការបោកបញ្ឆោតឱ្យចូលទៅកាប់រានដីព្រៃឈើដើម្បីយកដីចែកគ្នា។

សូមបញ្ជាក់ផងដែរ ក្រុមការងារចម្រុះបានប្រើប្រាស់ពេលវេលាជាច្រើនម៉ោង ក្នុងការពន្យល់អំពីផ្លូវច្បាប់ និងការណែនាំផ្សេងៗតែក្រុមទាំងនោះមិនស្តាប់ ហើយបានប្រើអំពើហិង្សាគប់ដបសាំងមកលើកម្លាំងសមត្ថកិច្ចថែមទៀត ដូច្នេះ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ទើបក្រុមការងារចម្រុះបានដកថយដើម្បីរង់ចាំការណែនាំបន្ត។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោកមេខ្យល់ និងជនខិលខូចដោយធ្វើការញុះញង់ឱ្យទៅកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ឬរំលោភបំពានលើដីកម្មសិទ្ធឯកជន និងការប្រើប្រាស់អំពើហិង្សាប្រឆាំងមន្ត្រីសាធារណៈជាដើម ដែលទង្វើនេះ នឹងធ្វើឱ្យបងប្អូនក្លាយខ្លួនជាជនល្មើសនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ថែមទៀត៕