(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានដឹកនាំប្រតិភូដែលជាក្រុមឯកទេសគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ធ្វើទស្សនៈកិច្ចការងារហាឡាលនៅក្រុមហ៊ុន APRATI FOODS (CAMBODIA) CO., LTD. មានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស រាជធានីភ្នំពេញ។

ក្នុងទស្សនកិច្ចសិក្សា នៅឯរោងចក្រផលិតស្ករគ្រាប់ APRATI FOODS (CAMBODIA) CO., LTD. លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានកោតសរសើរដល់រោងចក្រ ដែលបានយកចិត្តទុកដាក់ និងផ្តល់តម្លៃលើវិសាលភាពនៃស្តង់ដារផលិតផលដែលទទួលវិញ្ញាបនបត្រហាឡាល។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា វិសាលភាពនៃទីផ្សារផលិតផលហាឡាលពិតជាមានសារសំខាន់បំផុត ខណៈអតិថិជនដែលគាត់ជាអ្នកឥស្លាម ហើយតម្រូវការប្រើប្រាស់ផលិតផលហាឡាលខានពុំបានក្នុងស្រុក កើនឡើងប្រមាណ ៨០ម៉ឺននាក់ និងជនបរទេសប្រមាណ៥ម៉ឺននាក់ កំពុងស្នាក់នៅក្នុងស្រុកផងដែរ បន្ថែមពីលើប្រជាជនទូទៅដែលពុំប៉ះពាល់ដល់ការប្រើប្រាសផលិតផលហាឡាលឡើយ ផ្ទុយទៅវិញវាបន្ថែមសន្ទុះផលិតកម្មកាន់តែច្រើនឡើង។ រីឯទីផ្សារក្រៅស្រុក ហាឡាលមានអតិថិជនស្នូល ជាង២ពាន់លាននាក់ ជាមុស្លិម ខណៈប្រជាជនគ្រប់ជាតិសាសន៍លើសកលលោកក៏បានដឹងពីវិសាលភាព និងគុណភាពស្តង់ដាផលិតផល និងសេវាកម្មហាឡាល។

APRATI FOODS (CAMBODIA) CO., LTD. គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតស្ករគ្រាប់អាមេរិក American Licorice ដែលមានឈ្មោះបោះសំឡេងជាង១០០ឆ្នាំមកហើយ នៅសហរដ្ឋអាមេរិក។

នៅកម្ពុជា ក្រោយពេលដំណើការចុះឈ្មោះបើកក្រុមហ៊ុននៅឆ្នាំ២០១៣ ក្រុមហ៊ុនបានសាងសង់រោងចក្ររួចរាល់នៅឆ្នាំ២០១៦ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយយល់ឃើញពីតម្រូវការទីផ្សារនៅអាមេរិក ក៏ដូចជានៅកម្ពុជានិងបណ្តាប្រទេសអាស៊ាន ក្រុមហ៊ុននេះបានទទួលយកការបញ្ជាក់វិញ្ញាបនបត្រស្តង់ដារហាឡាល តាំងពីឆ្នាំ២០១៩។

ក្រៅពីនេះក្រុមហ៊ុនក៏នៅមានសាខាតាមបណ្តាខេត្តមួយចំនួនដូចជា កំពង់ចាម បាត់ដំបង និងសៀមរាប ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជានៅឆ្នាំ២០១៩ ផងដែរ។

គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះក្រុមឯកទេសផលិតផលហាឡាលកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យវាយតម្លៃលក្ខខណ្ឌបច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា និងបានចេញវិញ្ញាបនបត្រសរុប១៧៥ និងមុខទំនិញសរុប៧២៦មុខ៕