(ភ្នំពេញ)៖ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាប្រមាណ៨៣៥លានដុល្លារ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅឆ្នាំ២០២២ ខណៈទាញរកចំណូលមកវិញ ឲ្យបានប្រមាណ៥២៤លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានឲ្យបញ្ជាក់ដឹងថា គម្រោងចំណូល និងចំណាយថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២២៖

ទី១៖ គម្រោងចំណូលចរន្តថវិកា របស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក៖ ត្រូវបានគ្រោងចំនួន ២ ១៣១.៨ប៊ីលានរៀល (ប្រមាណ៥២៤លានដុល្លារអាម៉េរិក) មានសមាមាត្រស្មើនឹង៨.៩% នៃចំណូលចរន្តថវិការដ្ឋ ត្រូវជា១.៧២% នៃផ.ស.ស. មានការកើនឡើង៤០.៤%ធៀបនឹងឆ្នាំ២០២១៖

* ចំណូលសារពើពន្ធ ត្រូវបានគ្រោងចំនួន១ ៥៨៤.១ប៊ីលានរៀល (ប្រមាណ៣៨៩លានដុល្លារអាម៉េរិក) ត្រូវជា១.២៨% នៃផ.ស.ស. ដែលមានកំណើន៥០.៨% ធៀបនឹងឆ្នាំ២០២១
* ចំណូលមិនមែនសារពើពន្ធ ត្រូវបានគ្រោងចំនួន ៥៤៧.៦ប៊ីលានរៀល (ប្រមាណ១៣៤លានដុល្លារអាម៉េរិក) ត្រូវជា០.៤៤% នៃផ.ស.ស ដែលមានកំណើន១៧% ធៀបនឹងឆ្នាំ២០២១។

ទី២៖ គម្រោងចំណាយថវិការបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និង ឃុំ-សង្កាត់៖ ត្រូវបានគ្រោងចំនួន ៣ ៣៩៤.៨ប៊ីលានរៀល (ប្រមាណ៨៣៥ លានដុល្លារអាម៉េរិក) មានសមាមាត្រស្មើនឹង៩.៨% នៃចំណាយថវិការដ្ឋសរុប និងត្រូវជា២.៧៣% នៃផ.ស.ស. មានការកើនឡើង៣១.៦% ធៀបនឹងឆ្នាំ២០២១។

* ចំណាយចរន្ត ត្រូវបានគ្រោងចំនួន ៣ ០០១.៨ប៊ីលានរៀល (ប្រមាណ៧៣៨លានដុល្លារអាម៉េរិក) មានសមាមាត្រស្មើនឹង១៤.៤% នៃចំណាយចរន្តថវិការដ្ឋសរុប ត្រូវជា២.៤២% នៃផ.ស.ស. ដែលកើនឡើង២៦.៩% ធៀបនឹងឆ្នាំ២០២១
* ចំណាយមូលធន ត្រូវបានគ្រោងចំនួន ៣៩៣ប៊ីលានរៀល (ប្រមាណ៩៦លានដុល្លារអាម៉េរិក) មានសមាមាត្រស្មើនឹង៦% នៃចំណាយមូលធន ដោយហិរញ្ញប្បទានក្នុងប្រទេស ដែលត្រូវជា០.៣២% នៃផ.ស.ស.។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានគ្រោងឧបត្ថម្ភដោយថវិកាថ្នាក់ជាតិ ដោយបែងចែកដល់៖

១៖ មូលនិធិក្រុង-ស្រុក ចំនួន ៤០២.៤ប៊ីលានរៀល (ប្រមាណ ៩៩លានដុល្លារអាម៉េរិក) (កើនឡើង១៩% ធៀបនឹងឆ្នាំ២០២១) និង
២៖ មូលនិធិឃុំ-សង្កាត់ ចំនួន ៦៥០.៣ប៊ីលានរៀល (ប្រមាណ ១៦០លានដុល្លារអាម៉េរិក) (កើនឡើង២០,៣% ធៀបនឹងឆ្នាំ២០២១), និងឧបត្ថម្ភមូលនិធិអភិវឌ្ឍន៍ ឃុំ-សង្កាត់ចំនួន ១៩៧.១ប៊ីលានរៀល (ប្រមាណ ៤៨.៥លានដុល្លារអាម៉េរិក) (កើនឡើង១៦.៦%ធៀបនឹងឆ្នាំ២០២១) សម្រាប់ការចំណាយអភិវឌ្ឍន៍មូលដ្ឋាន។

ការឧបត្ថម្ភនេះ ធ្វើឲ្យរដ្ឋបាលឃុំ-សង្កាត់នីមួយៗ ទទួលបានប្រមាណ២៤២លានរៀល (ឬសមមូលនឹង ៦០ ០០០ដុល្លារអាម៉េរិក) ជាមធ្យមក្នុង១ឆ្នាំ៕