(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ ការពារឱ្យបាននូវការវាយកម្ទេច និងបំផ្លាញសំណង់អគារបេតិកភណ្ឌនៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈដែលសំណង់អគារបេតិកភណ្ឌទាំងនេះ ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសារាចរលេខ០៨ សរ ចុះថ្ងៃទី១២ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង Video Conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ នៅសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោក ឃួង ស្រេង បានលើកឡើងថា «បើកកិច្ចប្រជុំនេះឡើង គឺដើម្បីឱ្យអាជ្ញាធរដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ អនុវត្តឱ្យបាននូវសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ការវាយកម្ទេចនឹងការបំភ្លេចបំផ្លាញសំណង់អគារបេតិកភណ្ឌ ដោយស្មារតីទទួលខុសត្រូវខ្ពស់»។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយកិច្ចប្រជុំនេះ យើងនឹងបង្កើតឱ្យមានក្រុមការងារមួយ ចុះពិនិត្យនិងស្រង់ស្ថិតិ អគារបេតិកភណ្ឌ ដែលមាននៅក្នុងរាជធានីភ្នំពេញទាំងអស់។ ក្រោយមកទៀត យើងនឹងប្រគល់អាគារបេតិកភណ្ឌទាំងនោះ ទៅឱ្យអាជ្ញាធរខណ្ឌធ្វើការគ្រប់គ្រងបន្ត។ ការធ្វើបែបនេះទើបយើងអាចរក្សាអគារបេតិកភណ្ឌទាំងនេះបានគង់វង្ស។

បើយោងតាមរយៈសារាចរលេខ០៨ សរ ចុះថ្ងៃទី១២ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌមានន័យថា ដើម្បីឱ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុង ដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់ សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្ដីពី កិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ រាជរដ្ឋាភិបាលបានហាមឃាត់ចំពោះការកែប្រែ ការប្ដូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់ នៃតំបន់បេតិកភណ្ឌទីក្រុង។

ទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់ អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។

បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារ និងក្រៅតំបន់ការពារដោយ ផ្ដោតលើយុទ្ធសាស្ត្រគោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្ស និងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព។ សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕