(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ និងរដ្ឋអំណាចមូលដ្ឋាន ស្ថិតនៅឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ បានសុំស្វែងរកអន្តរាគមន៍ពី អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ឲ្យជួយដោះស្រាយបញ្ហាដាច់ទឹក ប្រើប្រាស់សម្រាប់ពួកគាត់ រយៈពេល២ថ្ងៃមកហើយ ក្រោយពីមានឈ្មួញពីខេត្តកំពង់ឆ្នាំង បានយកគ្រឿងចក្រទៅកាយដី នៅទីនោះ ហើយបានធ្វើឲ្យដាច់ទុយោបង្ហូរទឹក តែមិនទទួលខុសត្រូវ។

លោក សំ សុផល នាយរងប៉ុស្តិ៍ឃុំបឹងខ្នា បានថ្លែងប្រាប់ Fresh News នៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះថា ប្រជាពលរដ្ឋរស់នៅ ភូមិដើមច្រេស បានដាច់ទឹកតាំងពីថ្ងៃទី៦ ខែមេសាម្សិលមិញ មកម្ល៉េះដោយសារតែមានអាអិចកាយដីរបស់ឈ្មោះ ឡឹក សុកាន់ បានធ្វើឲ្យដាច់ទុយោបង្ហូរទឹក របស់រដ្ឋាករទឹកនៅតំបន់នោះ។

លោក សំ សុផល បានបញ្ជាក់ថា ក្រោយធ្វើឲ្យដាច់ទុយោបង្ហូរទឹករួចហើយ ម្ចាស់អាអិចរូបនេះ មិនទទួលខុសត្រូវនោះឡើយ ដោយមិនដោះស្រាយជូនប្រជាពលរដ្ឋ គិតតែសួរថា តើខាងអ្នកផ្គត់ផ្គង់ទឹកនោះមាន អាជ្ញាប័ណ្ណដែរឬុយ៉ាងណាទៅវិញ ដូច្នេះលោកមិនដឹងនិយាយថាម៉េចដែរ។

បើតាមនាយរងប៉ុស្តិ៍នគរបាលរូបនេះ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋជាង១០គ្រួសារហើយ បានដាក់ពាក្យបណ្តឹងទៅមេឃុំដើម្បីសុំឲ្យជួយដោះស្រាយ។

ប្រជាពលរដ្ឋម្នាក់រស់នៅទីនោះ បាននិយាយថា ម្ចាស់គ្រឿងចក្ររស់នៅផ្សារពង្រ ខេត្តកំពង់ឆ្នាំង មិនដោះស្រាយជូនពួកគាត់នោះទេ ដោយទុកឲ្យពួកគាត់ដាច់ទឹកយ៉ាងដូច្នេះ ហើយអួតខ្លួនសុទ្ធតែឯកឧត្តមទៅវិញ។ ប្រជាពលរដ្ឋមានជំនឿថា បញ្ហានេះលោកអភិបាលខេត្ត ដែលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋនោះ នឹងជួយដោះស្រាយជូនពួកគាត់ផង ដើម្បីមានទឹកប្រើប្រាស់ឡើងវិញ។

បើតាមលោក សំ សុផល សម្រាប់ម្ចាស់គ្រឿងចក្រមួយនេះ នៅពេលយកគ្រឿងចក្រមកកាយដី នៅលើដីរបស់គាត់ នៅក្នុងឃុំបឹងខ្នា មិនបានជូនដំណឹងជូនអាជ្ញាធរមូលដ្ឋាននោះទេ៕