(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ក្រុមពេទ្យ ទាំងអស់ឲ្យយកចិត្ត​ទុកដាក់​បម្រើ​សេវាជូនអតិថិជន គោរពក្រមសីសធម៌ថ្លៃថ្នូរ ហើយមិនគិតលុយជាធំទេ ត្រូវប្រកាន់អាកប្បិរិយាសមរម្យ ជាពិសេសអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ សង្គ្រោះអាយុជីវិតជាបន្ទាន់ ។

លោករដ្ឋមន្រ្តីសុខាភិបាល បានធ្វើការក្រើនរំលឹកបែបនេះ នៅក្នុងឱកាសអញ្ជើញពិនិត្យមើលការបំរើសេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យព្រះកុសមៈ(ពេទ្យលោកសង្ឃ) ដែលកំពុងត្រូវបាន​កែទម្រង់យ៉ាង​ល្អប្រសើរ​នៅក្នុងការបំរើសេវា​សុខាភិបាលជូន​ប្រជាពលរដ្ឋ​ទូទៅ កាលពីថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៦។

លោក ម៉ម ប៊ុនហេង បានអញ្ជើញពិនិត្យកន្លែងធ្វើការងារដោយចាប់ផ្តើមពីកន្លែងផ្តល់ព័ត៍មាន កន្លែង សេវាបំរើអតិថិជន បន្ទប់សម្រាកព្យាបាល បន្ទប់លាងឈាម ។ លោកបានពិនិត្យ​មើលយ៉ាង​យកចិត្ត ទុកដាក់ទៅលើភាពស្អាត និង អនាម័យ នៅក្នុងមន្ទីរពេទ្យដែលត្រូវបានកែលម្អ និង បំពាក់ទៅដោយសម្ភារៈព្យាបាលកាន់តែប្រសើរឡើង ពិសេសលោកបានចាប់អារម្មណ៍​ទៅលើការបង្កើតថ្មីនូវកន្លែង​លាងឈាម ដែលយក​តម្លៃថោក ក្នុងការជួយសម្រួល​ដល់បងប្អូនប្រជាពលរដ្ឋ​ដែលមានបញ្ហា​ជំងឺក្រលៀន។      

មន្ទីរពេទ្យព្រះសង្ឃជាមន្ទីរពេទ្យមួយដែលមានវ័យចំណាស់ជាងគេត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៩៥៦ ដូចនេះហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបានទ្រុឌទ្រោម ដែលត្រូវមាន​ការជួសជុល និងកែលម្អឡើងវិញជាបន្តបន្ទាប់ ។ បើយោងតាមលោកវេជ្ជបណ្ឌិត តាន់ សុគុន ប្រធានមន្ទីរពេទ្យបានឲ្យថាមុននេះក្នុងមួយថ្ងៃមានអ្នកជំងឺប្រមាណជាង ២០​នាក់​បានចូលសម្រាក​ព្យបាល​នៅក្នុ្ងង​មន្ទីរពេទ្យហើយដែលភាគច្រើននោះ គឺអ្នកជំងឺដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍ ក៏ប៉ុន្តែបន្ទាប់ពីមានការកែលម្អជាប្រចាំ​មកមន្ទីរពេទ្យមានអ្នកជំងឺចូលមកព្យាបាល មានការកើន​ឡើងជា​បន្តបន្ទាប់។ ការព្យាបាលជាសំខាន់របស់មន្ទីរពេទ្យនេះ គឺជំនាញវះកាត់ប្រព័ន្ធឆ្អឹង និង វះកាត់ប្រព័ន្ធខួរក្បាល ក្រៅពីនេះនៅមានការព្យាបាលជំងឺទូទៅផងដែរ ។                        

នៅក្នុងឱកាសចុះពិនិត្យមើលមន្ទីរពេទ្យព្រះកុសមៈ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានថ្លែងកោតសរសើរចំពោះការខិតខំរបស់លោកប្រធានមន្ទីរពេទ្យ និងមន្រ្តីរាជការបុគ្គលិក មន្ទីរពេទ្យព្រះសង្ឃ​ទាំងអស់​ក្នុងការបំរើ​សេវ៉ាសុខភាពជូនប្រជាពលរដ្ឋបានល្អ៕