(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានលើកឡើងពីដំណើរការសាលាទ្បើងវិញនាពេលឆាប់ៗនេះ តែត្រូវគោរពវិធានការសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ លោកអភិបាលខេត្តកំពង់ធំ ក្រោយលោកបានស្តាប់របាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈមនានាមួយចំនួន រួមមាន៖ ជំងឺកូវីដ១៩ បទល្មើសនានារួចមក លោកបាន ស្នើឲ្យបើកដំណើរការសាលារៀនឲ្យបានគ្រប់សាលា និងចេះបត់បែនគោរពវិធានការបង្ការជំងឺកូវីដ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយកម្មវិធីនេះមានការចូលរួមពីព្រះរាជអាជ្ញា ប្រធានមន្ទីរអង្គភាព អភិបាលក្រុងស្រុក និងក្រុមការងារ ដែលត្រូវចុះពិនិត្យតាមដានសុខភាពបងប្អូននៅមណ្ឌលចត្តាឡីស័កផងដែរ។

លោកអភិបាលខេត្ត បានថ្លែងថា ដោយអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, រដ្ឋបាលខេត្ត នឹងពិនិត្យពីលទ្ធភាពបើកឲ្យដំណើរការការបង្រៀន និងរៀនឡើងវិញនៅតាមគ្រឹះស្ថានសិក្សា រដ្ឋមួយចំនួន ដែលមានហានិភ័យទាប។

លោកថា បន្ទាប់ពីផ្អាកការសិក្សាមួយរយះ ដោយសារជំងឺកូវីដ១៩ សិស្សានុសិស្ស ដែលបានសិក្សាតាមប្រព័ន្ធអនឡាយកន្លងមក គឺមានការពិបាកធ្វើឱ្យពួកគាត់ជួបបញ្ហាក្នុងការស្តាប់ ការពន្យល់ពីលោកគ្រូ អ្នកគ្រូ។ តែបើពួកគាត់បានមកចូលសិក្សាផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ គឺមានភាពងាយស្រួលជាងមុន ព្រោះបានស្តាប់ផ្ទាល់ និងស្តាប់ការពន្យល់បានល្អ។

លោកអភិបាលខេត្ត បានណែនាំឲ្យក្រុមការងារត្រូវរៀបចំកម្លាំងដើម្បីសម្អាត បាញ់ថ្នាំតាមទីតាំងដែលយកសាលារៀនធ្វើមណ្ឌលចត្តាឡីស័កឡើងវិញ មុនអនុញ្ញាតឲ្យសិស្សានុសិស្សចូលរៀនប្រកបដោយសុខុមាលភាព។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តកំពង់ធំ បានដាស់តឿនដល់អភិបាលក្រុងស្រុក ឲ្យចេះក្តាប់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីធ្វើការដោះស្រាយ ដូចជាការផ្តល់សេវាសាធារណៈ ផ្ដល់តម្រូវការប្រចាំថ្ងៃ និងការដោះស្រាយលិខិតស្នាមផ្សេងៗ ត្រូវតែធ្វើឲ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ បូកជាមួយអាកប្បកិរិយារបស់មន្រ្តីត្រូវមានភាពរួសរាយ រាក់ទាក់ ទន់ភ្លន់ ដែលទាំងនេះជាក្រមសីលធម៌របស់មន្ត្រី ហើយប្រាកដជាទទួលបានការគាំទ្រមកវិញពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតជាក់ជាមិនខានឡើយ។

លោកបានផ្តាំដល់មន្ត្រីទាំងអស់គប្បីយកចិត្តទុកដាក់ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួន ដើម្បីផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ មន្រ្តីទាំងអស់ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ហើយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន ទប់ស្កាត់ការប្រើប្រាស់ ការជួញដូរគ្រឿងញៀន និងចូលរួមបង្ក្រាបបទល្មើសផ្សេងៗទាំងអស់គ្នា។

ជាចុងក្រោយលោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យទៅចុះឈ្មោះបោះឆ្នោតបានគ្រប់គ្នា ដើម្បីមានឈ្មោះបោះឆ្នោតនាឆ្នាំ២០២២-២០២៣ខាងមុខ៕