(កោះកុង)៖ ទីលានផ្នូរអតីតយុទ្ធជនដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧សព ត្រូវបានបើកការដ្ឋានសាងសង់-ជួសជុលនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកោះកុង។

ការរៀបចំបើកការដ្ឋានសាងសង់ទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិល គឺធ្វើឡើងក្រោមគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីរំឮកនូវគុណនូប្បការៈ ការបូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជនកម្ពុជា ដើម្បបុព្វហេតុជាតិមាតុភូមិកម្ពុជា ឱ្យទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជា។ សពអតីតកម្មាភិបាល យុទ្ធជន ដែលបានយកមកបញ្ចុះនៅទីលានផ្នូរយុទ្ធជន នៅក្នុងភូមិលេខ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទាំង៤៤៧សពនេះ ជាយុទ្ធជនមកពី១៨រាជធានី-ខេត្ត។

បើគិតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការសាងសង់ និងជួសជុលតំបន់ទីលានផ្នូរសពអតីតយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧សព បានដំណើរការសាងសង់ប្រមាណ ៧៥ភាគរយហើយ។ នេះបើតាមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសាងសង់ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

នាយឧត្តមសេនីយ៍ យន្ត មីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមការពិនិត្យដំណើរការសាងសង់ទីលានផ្នូរយុទ្ធជន រហូតមកដល់ពេលនេះ បានប្រមាណ៧៥ភាគរយ នៃទីលានផ្នូរសពអតីតយុទ្ធជនទាំងមូល។ ចំពោះបញ្ហារាំងស្ទះមានចំនួន៣ គឺបញ្ហាភ្លៀងធ្លាក់ខ្លាំងពេក, ទី២៖ បញ្ហារាតត្បាតជំងឺកូវីដ១៩ ដែលធ្វើឱ្យមិនសូវប្រមូលផ្តុំក្រុមការងារសាងសង់ច្រើន និងទី៣៖ បញ្ហាថវិកា នៅមានចំនួនខ្វះខាតជាដើម…!»

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ យន្ត មីន បានបន្តថា បើទោះបីជួបប្រទះនូវបញ្ហាមួយចំនួនក្តី ប៉ុន្តែ ក្រុមការងារសាងសង់ នៅបន្តដំណើរការរបស់ខ្លួនជានិច្ច ដើម្បីឱ្យដំណើរសាងសង់ទីលានផ្នូរអតីតយុទ្ធជននេះ សាងសង់បញ្ចប់ទៅតាមការគ្រោងទុក។

នាយឧត្តមសេនីយ៍ យន្ត មីន បានឱ្យដឹងថា ការសាងសង់ និងជួសជុលតំបន់ទីលានផ្នូរសពអតីតយុទ្ធជន គឺមានទំហំដីជាង ៩,៥០០ម៉ែត្រការ៉េ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ទីលានផ្នូរសពនេះ មានរៀបចំជាស្តូបតម្កល់កោដ្ឋ, ផ្នូរសម្រាប់សពយុទ្ធជននីមួយៗ រោងបុណ្យ កន្លែងចារឈ្មោះសប្បុរសជន និងកន្លែងចតរថយន្តជាដើម។

នាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងថា ការសាងសង់ និងជួសជុលទីលានផ្នូរអតីតយុទ្ធជននាពេលនេះ គឺជាកិច្ចតបស្នងសងគុណយុទ្ធមិត្ត ជានាយទាហាន ពលទាហាន ដែលបានលះបង់ អាយុជីវិតក្នុងសម័យសង្គ្រាម ដើម្បីបូរណភាពទឹកដី ការពារប្រទេសជាតិ មាតុភូមិ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដើម្បីឈានរកសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋដោយមិនគិត ពីការបូរជាអាយុជីវិតរបស់ខ្លួននោះឡើយ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានបន្តថា អនុវត្តនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអនុវត្តក្រោមការចង្អុលបង្ហាញរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ក្រសួងការពារជាតិ នឹងស្ថាបនាតំបន់មួយនេះឱ្យសាកសម និងប្រែក្លាយជាតំបន់ដឹងគុណនូប្បការៈ អតីតសពយុទ្ធជន។

នាយឧត្តមសេនីយ៍រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សម្រាប់ទីលានផ្នូរសពអតីតយុទ្ធជន គឺត្រូវសាងសង់ឡើងតាមរចនាបទខ្មែរសុទ្ធសាធ។ បន្ថែមពីលើនេះ ក្រុមការងារជំនាញសិក្សា និងកែលម្អបន្ថែមទៀតនូវរចនាបទអង្គរ ហើយប្រវត្តិទីតាំងនេះបានដាក់សាកសពយុទ្ធពល ដែលពលីជីវិត ដើម្បីបូរណភាពទឹកដីនេះ តាំងពីខែកក្កដា ឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៨។

នាយឧត្តមសេនីយ៍ យន្ត មីន ក៏បានអំពាវនាវដល់សប្បុរសជន ដែលមានធនធានសូមចូលបន្តឧបត្ថម្ភ គាំទ្រដល់ដំណើរការសាងសង់ តំបន់ទីលានផ្នូរសពអតីតយុទ្ធជននេះបន្ថែមទៀត ដើម្បីធ្វើយ៉ាងឱ្យយុទ្ធនាការសាងសង់នេះទទួលបានជោគជ័យតាមការកំណត់៕