(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ បានចុះសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន៦ខ្នងជូមប្រជាពលរដ្ឋ ព្រមទាំងចែកអំណោយមនុស្សធម៌ជូនដល់ជនងាយរងគ្រោះចំនួន៣៧គ្រួសារ នៅភូមិព្រៃមនោ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នាឱកាសនោះលោក វ៉ី សំណាង បានផ្ដាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋ និងការអធ្យាស្រ័យយោគយល់ ចំពោះការដោះស្រាយករណីរលំផ្ទះដោយខ្យល់កន្ត្រាក់នេះមានភាពយឺតយ៉ាវបន្តិច ដោយសារករណីមានបញ្ហាការឆ្លងនៃជំងឺកូវីដ១៩ ប៉ុន្តែកាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ។

ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក វ៉ី សំណាង បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាអនាម័យ ព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ទាំងអស់ ដើម្បីចៀសផុតពីការចម្លងជំងឺកូវីដ១៩។

សម្ភារដែលបានផ្តល់ជូនប្រជាពលរដ្ឋទទួលបានផ្ទះចំនួន៦ខ្នង រួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុងប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ភួយ ១ សារុង ១ ក្រម៉ា ១ មុង១ សម្ភារៈផ្ទះបាយ១ឈុត និងថវិកាចំនួន ៥០,០០០រៀល។

សម្ភារដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ និងថវិកា ២០,០០០រៀល និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបសេដ្ឋ៕