(ស្វាយរៀង)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទៅពិនិត្យឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២១ ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០២២ខាងមុខ។

ការអំពាវនាវបែបនេះរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ប្រាសាទ ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន១៥គ្រួសារ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានពាំនាំសេចក្ដីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកស្រីបណ្ឌិត ម៉ែន សំអន ជូនចំពោះប្រជាពលរដ្ឋក្រុងបាវិត ខេត្តស្វាយរៀង។

លោកបានបញ្ជាក់បន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានការរីកចំរើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយសម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្ត ទប់ស្កាត់ជំងឺកូវីដ១៩ មានប្រសិទ្ធភាព ជាពិសេសគឺគោលនយោបាយវ៉ាក់សាំង ដែលប្រជាពលរដ្ឋខ្មែររាប់លាននាក់បានទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលអាចបើកដំណើរការប្រទេសជាតិឡើងវិញនាពេលឆាប់ៗខាងមុខ៕