(ភ្នំពេញ)៖ លោករដ្ឋមន្រ្ដីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។

លោករដ្ឋមន្ដ្រី បានលើកឡើងក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅទីស្ដីការក្រសួងសុខាភិបាល បានឲ្យដឹងថា ជាងនេះទៅទៀត ប្រជាពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្ន ទៅលើចំណីអាហារផងដែរ ដែលត្រូវតែបរិភោគកុំចម្រុះពេក ជាពិសេសគ្រឿងស្រវឹង ដែលអាចបង្កហានិភ័យនានា ដល់អាយុជីវិត។

លោករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ដើម្បីអបអរសាទរថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិ សូមជូនពរដល់ប្រជាពលរដ្ឋ ឲ្យឆាប់ជាពីជំងឺ ចំពោះអ្នកមិនឈឺត្រូវប្រុងប្រយ័ត្ន សុខភាពបន្ដទៀត កុំឲ្យឈឺក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ៕