(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មានពលករខ្មែរចំនួន១០៤នាក់ ដែលចាញ់បោកមេខ្យល់ទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចថៃ ដឹកបញ្ជូនមកកម្ពុជាវិញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ តាមច្រកតំបន់ឃុំឃោគសូង ស្រុកតាប្រៈយ៉ា ចេញតាមច្រករបៀងអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

គួរជម្រាបថា អាជ្ញាធរមានសមត្ថកិច្ចថៃ បានចុះត្រួតពិនិត្យនៅតាមច្រកព្រំដែនថៃ-កម្ពុជា រហូតឈានទៅឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរដែលលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ចំនួន ១០៤នាក់ នៅត្រង់បរិវេនសួនប៉ាយូខាលីបតាន់ ខេត្តសាកែវ។

ក្រោយពីការសាកសួរពីសមត្ថកិច្ច ប្រជាពលរដ្ឋខ្មែរទាំងអស់ក៏បានសារភាពថា ពួកគាត់បានបង់ប្រាក់ទៅឱ្យមេខ្យល់ក្នុងម្នាក់ៗ ចាប់ពី៦,០០០បាត ទៅដល់៩,០០០បាត ដើម្បីបានចូលប្រទេសថៃ។

បន្ថែមពីនេះទៀត នៅល្ងាចថ្ងៃដដែលនេះបន្ទាប់ពីធ្វើការផ្តន្ទាទោស និងផាកពិន័យរួច អាជ្ញាធរសមត្ថកិច្ចថៃតាប្រៈយ៉ានឹងបញ្ជូនពួកគាត់ឱ្យត្រឡប់ចូលប្រទេសកម្ពុជាវិញ តាមច្រកតំបន់ឃុំឃោគសូង ស្រុកតាប្រៈយ៉ា ចេញតាមច្រករបៀងអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរខេត្តបន្ទាយមានជ័យ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមមេត្តាកុំចាញ់បោកមេខ្យល់បន្តទៀត ដែលធ្វើឱ្យខាតបង់លុយកាក់ច្រើនណាស់ ដូច្នេះ សូមប្រជាពលរដ្ឋ មេត្តា រង់ចាំបន្តិចសិនចុះវាមិនទាន់ហួសពេលនោះទេ ពីព្រោះការឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីរបសស់គេនោះមិនប្រាកដថាចូលបានស្រួលនោះទេ ព្រោះប្រទេសថៃ កំពុងរឹកបន្តឹងការទប់ស្កាត់ការីករាលដាលនូវជំងឺកូវីដ១៩ ដូចកម្ពុជាផងដែរ៕