(រតនគិរី)៖ អភិបាលស្រុកលំផាត់ លោក នូ ថេ បានថ្លែងប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៨៖៤៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ថាកំណាត់ផ្លូវជាតិលេខ៧៦តភ្ជាប់ទៅខេត្តមណ្ឌលគិរី ត្រូវបានផ្អាកធ្វើដំណើរបណ្តោះអាសន្ន។

លោកបន្តថា ទឹកទន្លេស្រែពក នៅមុខស្ថានីយវត្តលំផាត់មានកម្ពស់១៣,៦៩ម៉ែត្រខណៈដែលកម្រិតប្រកាស អាសន្ន១២,៥០ម៉ែត្រ ហើយទឹកជន់លិចកំណាត់ផ្លូវជាតិលេខ៧៦ ខ្លាំងជាងគេត្រង់ចំណុចបង្គោលលេខ២៧១ និង២៧២ ស្ថិតក្នុងភូមិភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់។

លោកអភិបាលស្រុកបញ្ជាក់ឲ្យដឹងទៀតថា ឥឡូវនេះកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទក្នុងខេត្ត និងកម្លាំងយោធភូមិ ភាគទី១ជាច្រើននាក់កំពុងបោះតង់លើទីទួលសុវត្ថិភាពដើម្បីជំលៀសប្រជាពលរដ្ឋដែលផ្ទះពួកគាត់លិចលង់។ ទោះជាយ៉ាងនេះក្តីរហូតមកដល់ពេលនេះគ្មានអ្នកណាម្នាក់រងគ្រោះថ្នាក់អ្វីទេដោយគ្រោះទឹកជំនន់ទេ។

ជាមួយគ្នានេះដែរ លោក នូ ថេ អភិបាលស្រុកលំផាត់ ក៏សុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋនិងអ្នកដំណើរមក ពីបណ្តាខេត្តផ្សេងៗ ដែលឆ្លងកាត់ផ្លូវជាតិលេខ៧៦នេះផងដែរ៕