(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានថ្លែងថា មន្ត្រីនគរបាលយុត្តិធម៌មួយចំនួន ដែលមិនទទួលស្គាល់សិទ្ធិ និងតួនាទីរបស់មេធាវី គឺជាបញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមធំៗទាំង៥។

ថ្លែងក្នុងឱកាសបិទមហាសន្និបាតប្រចាំឆ្នាំគណៈមេធាវី លើកទី២៦ ក្រោមអធិបតីភាពលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺលោក លី ច័ន្ទតុលា បានអះអាងថា យោងតាមរបាយការណ៍របស់អង្គមហាសន្និបាត និងការដឹកនាំគណៈមេធាវីរយៈពេល មួយឆ្នាំកន្លងទៅនេះ គណៈមេធាវីសម្រេចកិច្ចការ និងសមិទ្ធផលយ៉ាងច្រើន ទោះបីជាមានការរាំងស្ទះ ដោយសារបញ្ហាជំងឺកូវីដ១៩ ក៏ដោយ។

ប៉ុន្តែទន្ទឹមនេះ គណៈមេធាវីនៅឃើញមានបញ្ហាប្រឈម និងការលំបាកចំនួន ៥ រួមមាន៖

១៖ ការបំពេញការងាររបស់គណៈមេធាវីជួបការលំបាក មិនអាចសម្រេចបានតាមផែនការ ជាពិសេសការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ១៩។

២៖ ការបំពេញការងារនៅចំពោមុខមន្ត្រីនគរបាលយុត្តិធម៌មួយចំនួននៅតែជួបបញ្ហា ដោយសារតែពួកគេមិនទទួលស្គាល់សិទ្ធិ និងតួនាទីរបស់មេធាវី។ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក លី ច័ន្ទតុលា បានសម្រេចបង្កើតក្រុមការងារស្រាវជ្រាវ អំពីសិទ្ធិរបស់មេធាវីនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌នេះផងដែរ។

៣៖ សកម្មភាពការពារក្តីជូនជនក្រីក្រ ជួបប្រទះបញ្ហាខ្វះខាតថវិកាដោយសារតែកំណើននៃចំនួនក្តីក្រីក្រ ប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ និងស៉ីជម្រៅ ពីតួនាទីមេធាវីក្នុងសង្គម និងសិទ្ធិនានារបស់ខ្លួនក្នុងប្រព័ន្ធយុត្តិធម៌ ហើយអង្គការ និងសមាគម ដែលធ្លាប់ផ្តល់សេវាផ្នែកច្បាប់បានកាត់បន្ថយ ឬផ្អាកសកម្មភាព ធ្វើឲ្យសេវាការពារក្តីមេធាវី ជូនជនក្រីក្រទូទាំងប្រទេសភាគច្រើន ជាបន្ទុករបស់គណៈមេធាវី។ ការថតសំណុំរឿងពេញលេញជូនមេធាវី នៅក្នុងករណីនេះនៅតែជាការលំបាក។

៤៖ សិទ្ធិមួយចំនួនរបស់មេធាវីត្រូវបានបំពាន។ កិច្ចការមួយចំនួនរបស់មេធាវី ត្រូវបានធ្វើដោយអន្តរការីនៅតាមស្ថាប័ននានាដូចជា តុលាការ អង្គភាពនគរបាលយុត្តិធម៌ មន្ទីរសុរិយោដី ក្រសួងពាណិជ្ជកម្ម អង្គភាពពន្ធដារ ។ល។

៥៖ មេធាវីមួយចំនួនមិនអនុវត្តកាតព្វកិច្ចបង់ភាគទាន និងមួយចំនួនទៀតបង់ភាគទានយឺតយ៉ាវ បណ្តាលឲ្យគណៈមេធាវីពុំមានថវិកាគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់សកម្មភាពរបស់ខ្លួន៕