(ភ្នំពេញ)៖ លោកតា លោកយាយ ជាប្រជាពលរដ្ឋ រស់នៅមូលដ្ឋានខណ្ឌទួលគោក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមជូនពរផងដែរ ចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈលោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអភិបាលខណ្ឌ ជាមួយមន្ត្រីក្រោមឱវាទ ទាំងអស់។

ការថ្លែងអំណរគុណ និងសូមជូនពរនេះ បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ រវាងមន្ត្រី និងថ្នាក់ដឹកនាំខណ្ឌទួលគោក ដើម្បីឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ផងដែរដល់លោកតា លោកយាយ ដែលមកពីតាមបណ្ដារភូមិ-សង្កាត់នានា ក្នុងការអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ក្រោមប្រធានបទ «ចូលរួមគាំទ្រសុខុមាលភាពមនុស្សចាស់គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា»

ឆ្លៀតក្នុងឱកាសនេះ លោក ជា ពិសី បានជុំរុញលោកតា លោកយាយឱ្យខិតខំថែទាំសុខភាពឱ្យបានល្អប្រសើរតាមរយៈការធ្វើអនាម័យ និងការយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់ផ្សេងៗ និងការរៀនរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ-១៩ ពិសេសការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានជាប់ជានិច្ច ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា បន្ទាប់ពីសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌទួលគោករូបនេះ ឧបត្ថម្ភអំណោយរបស់លោក ឃួង ស្រេង ដល់លោកតា លោកយាយ ដោយក្នុង១គ្រួសារទទួលបាន រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកដោះគោឆៅ១យួរ, ស្ករស១គីឡូ, ក្រមា១ និងថវិកាចំនួន ៥០,០០០រៀល ស្មើៗគ្នា៕