(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់អគារផលិតអ៊ុកស៊ីហ្សែន ដើម្បីប្រើប្រាស់ព្យាបាលជំងឺកូវីដ១៩ និងសង្គ្រោះជំងឺផ្សេងៗ នៅក្នុងខេត្តព្រៃវែង។

ពិធីនេះមានការចូលរួមលោក សួន សុម៉ាលីន អភិបាលរងខេត្ត និងលោក អន ភារៈ អភិបាលរងខេត្ត រួមនិងមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ ដែលធ្វើនៅបរិវេណមន្ទីរសុខាភិបាលខេត្តព្រៃវែង។

បើតាមមន្ត្រីសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ចំពោះការកសាងអាគារផលិតអ៊ុកស៊ីហ្សែននេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខេត្តព្រៃវែង ក្នុងការជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលគាត់មានជំងឺផ្សេងៗ ជាពិសេសគឺជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ។

មន្ត្រីដដែលបានបញ្ជាក់ថា ហើយការផលិតអុកស៊ីហ្សែននេះដែរ គឺជាការចាំបាច់បំផុតសម្រាប់ស្រោចស្រង់អាយុជីវិតរបស់ប្រជាពលរដ្ឋដែលគាត់មានបញ្ហាផ្នែកសុខភាពដែលត្រូវជួយសង្គ្រោះបន្ទាន់ ក៏ដូចជាមកសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានា នៅខេត្តព្រៃវែងនេះ។

ចំពោះទីតាំងអាគារផលិតអុកសុីហ្សែន មានបណ្តោយ១៨ម៉ែត្រ និងទទឹង១៦ម៉ែត្រ សម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ១៩ និងសង្គ្រោះជំងឺផ្សេងៗគឺត្រូវបានសិក្សា និងដាក់នៅបរិវេណមន្ទីរសុខាភិបាលខេត្ត ហើយចំពោះទីតាំងដែលត្រូវដាក់អុកសុីហ្សែននេះ គឺត្រូវដាក់នៅកន្លែងដែលមានខ្យល់បរិសុទ្ធល្អ បរិស្ថានស្អាតផងដែរ៕