(ភ្នំពេញ)៖ ភាពយន្តភាគខ្មែរថ្មីមួយទៀត បង្ហាញពីមនោសញ្ចេតនាស្នេហាកាច់កុងគ្នា មានចំណងជើងថា«វាសនាកូនភ្លោះ» ជាស្នាដៃផលិតរបស់ផលិតកម្ម រស្មីស្ទឹងសែន ហើយនឹងត្រូវចាក់បញ្ចាំង នៅក្នុងស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍លេខ៨ (8HDTV)បានរៀបចំក្រុងពាលីថត នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងទីតាំងផលិតកម្មផ្ទាល់ ដែលមានអសយដ្ឋាន ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយមានការអញ្ជើញចូលរួម ពីសំណាក់តារាសម្ដែង​ប្រុស-ស្រីល្បីៗ ជាច្រើននាក់ ។

លោក គ្រិន វុទ្ធី ចាងហ្វាងផលិតកម្ម រស្មីស្ទឹងសែន បានប្រាប់ Fresh News ឲ្យដឹងថា រឿង«វាសនាកូនភ្លោះ» បានចំណាយទុនផលិតអស់ច្រើនគួរសម គឺប្រមាណជាង១០ម៉ឺនដុល្លារ ព្រោះលោកយល់ថា ការចំណាយច្រើនបែបនេះ ព្រោះតែត្រូវពង្រឹង និងសម្រិតសម្រាំងឡើង ទាំងគុណភាព បច្ចេកទេស ទីតាំងថត និងការរើសតួសម្ដែង ដើម្បីឲ្យសាច់រឿងចេញមក ​ជៀសផុតពីសំឡេងរិះគន់ ពីទស្សនិកជន ថាភាពយន្តខ្មែរ ការសម្ដែងនៅមានកម្រិត។

លោកបន្ថែមថា លោកបានប្រឡូកក្នុងវិស័យភាពយន្តនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នេះដើម្បីផលិតរឿងឲ្យមានគុណភាពល្អ មានការទាក់ទាញ ពីអ្នកទស្សនា យើងត្រូវធ្វើយ៉ាងណា ខិតខំពង្រឹងលើផ្នែកបច្ចេកទេសថត ប្លង់ថត និងសាច់រឿងទាំងមូល ហើយតួសម្ដែងត្រូវ បានជ្រើសរើសតាមប្រភេទនៃសាច់រឿង ដើម្បីឲ្យសាច់រឿងកាន់តែ មានគុណភាពល្អឡើង ទ្វេដង។

ចាងហ្វាងផលិតកម្មរូបនេះ បានបន្តទៀតថា ភាពយន្តរឿង«វាសនាកូនភ្លោះ» បានផ្ដោតសំខាន់លើបញ្ហាស្នេហាបែបយុវវ័យ ដណ្ដើមប្រុសគ្នា កាច់កុងគ្នា ប៉ុន្តែក៏បានបង្កប់ការអប់រំក្មេងៗ យុវវ័យជំនាន់ក្រោយ​ឲ្យចេះកែខ្លួន ពេលប្រព្រឹត្តិកំហុសឆ្គងចំពោះគ្រួសារ និងបងប្អូន ។ យ៉ាងណាមិញ នៅពេលបច្ចុប្បន្ននេះ លោកបានមើលឃើញថា វិស័យភាពយន្តខ្មែរ មានភាពរីកចម្រើនខ្លាំង គួរឲ្យកត់សម្គាល់ ខណៈដែលស្ថានីយទូរទស្សន៍ជាច្រើន កំពុងតែសម្រុកថត និងបញ្ចាំងរឿងភាគខ្មែរ ដើម្បីបំពេញតម្រូវការទីផ្សារ ឲ្យបានគ្រប់គ្រាន់ ។ ប៉ុន្តែចំណុចនេះ គុណភាពភាពយន្តខ្មែរ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹង ឲ្យបានល្អបន្ថែមទៀតផងដែរ ដើម្បីលុបបំបាត់សំឡេងរិះគន់ និងចូលរួមគាំទ្រ ទាំងអស់គ្នា។

សូមបញ្ជាក់ថា ភាពយន្តភាគរឿង«វាសនាកូនភ្លោះ» មានចំនួន២៥ ភាគ ចាប់ផ្ដើមចេញថត តាំងពីថ្ងៃក្រុងពាលីនេះតទៅ ខណៈទីតាំងថតមាននៅក្នុងរាជធានីភ្នំពេញ និងតំបន់រមនីយដ្ឋានកៀនស្វាយ ។ រឿង«វាសនាកូនភ្លោះ» ជាស្នាដៃនិពន្ធដោយលោក វិឆ័យ សុភី ដឹកនាំរឿងដោយលោក វណ្ណ ខេមរិន្ទ និងមានការចូលរួមសម្ដែង ដោយតារាល្បីៗ រួមមាន លោក ខាត់ វ៉ៃហាំង លោក នៅ ស៊ីនឿន កញ្ញា គៀត សុវណ្ណឡាង កញ្ញា ប៉ែន ស្រីពេជ្រ លោក តេង ឡុង កញ្ញា គឹម ហួរ និងតារាសម្ដែងល្បីៗ ជាច្រើនទៀត៕