(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានបន្តអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋខ្មែរដែលគ្រប់មានអាយុចុះឈ្មោះបោះឆ្នោត សូមប្រញាប់រួសរាន់ទៅចុះឈ្មោះបោះឆ្នោតថ្មី បានគ្រប់ៗគ្នានៅតាមសាលាឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ។

សម្រាប់សរុបរយៈពេល២ថ្ងៃ លទ្ធផល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នោតថ្មី គឺមានប្រជាពលរដ្ឋចំនួន ២៤,៧១៥នាក់ប៉ុណ្ណោះ បានមកចុះឈ្មោះ ដូច្នេះចំនួននេះនៅមានកម្រិតតិចតួចនៅឡើយ បើតាមផែនការឆ្នាំ ២០២១នេះ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ១,៦៣៥,៩៩០នាក់។

ឆ្លើយតបនឹងបញ្ហានេះ គ.ជ.ប សូមអំពាវនាវដល់ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២០ សូមអញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ-សង្កាត់ ឬអាចចូលពិនិត្យមើលតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec gov.kh ឬកម្មវិធីទូរស័ព្ទដៃ (App) Voterlist KH ដើម្បីឱ្យប្រាកដថាខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត។

គ.ជ.ប បានឱ្យដឹងថា ក្នុងករណីឈោ្មះ ឬទិន្នន័យរបស់ប្រជាពលរដ្ឋពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវទៅតាមឯកសារ សំអាងច្បាស់លាស់។

សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺបានចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ-សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់ទូទាំងប្រទេស។

បន្ថែមពីនេះ តាមការអំពាវនាវរបស់ខ្លួន តាមបណ្តាញព័ត៌មាន Fresh News គ.ជ.ប បានបញ្ជាក់ថា ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បាន ចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០៤ ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី សូមអញ្ជើញបងប្អូនទៅ ចុះឈ្មោះបោះឆ្នោតតាមប្រតិទិនរបស់ក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត។

ទន្ទឹមនឹងនេះ គ.ជ.ប សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ជូនប្រជាពលរដ្ឋខ្មែរឱ្យបានយល់ជ្រួតជ្រាប និងជួយជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។

គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពតាមច្បាប់ជាធរមាន ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា៕