(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបានវ៉ាក់សាំងស៉ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹកថ្ងៃនេះយើងនឹងត្រូវទទួលបានវ៉ាក់សាំង Sinovac ចំនួន ២លានដូសបន្ថែមទៀត ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជាក់ក្នុងឱកាសលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលថ្មីៗកន្លងទៅនេះ»

លោកស្រី យក់ សម្បត្តិ អញ្ជើញទៅទទួលយកវ៉ាក់សាំង២លានដូសនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សូមបញ្ជាក់ថា ក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានប្រកាសផ្តល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៣លានដូសបន្ថែមទៀតមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ប្រទេសចិន គឺជាប្រទេសដំបូងគេ ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកកាន់ប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលនេះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប ៦លាន ៨០ម៉ឺនដូស។ ជាមួយគ្នានេះ ក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន បានផ្តល់ជំនួយចំនួន ៥០ម៉ឺនដូសផងដែរ។

ប្រទេសចិន បានក្លាយទៅជាបង្អែកដ៏ខ្លាំងក្លាក្នុងការផ្គត់ផ្គង់វ៉ាក់សាំងមកកាន់ប្រទេសកម្ពុជា ចាក់ជូនប្រជាពលរដ្ឋការពារសុខភាពពីការរាតត្បាតជំងឺកូវីដ១៩។ មកដល់ពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិនទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុប ៣២លាន ៨សែនដូស។

វត្តមានវ៉ាក់សាំងរបស់ចិន បានធ្វើឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងមុនផែនការគ្រោងទុក។ គិតត្រឹមថ្ងៃទី១៣ ខែតុលា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំឡើង បានចំនួនជាង ១៣.៥លាននាក់ហើយ ស្មើនឹងប្រមាណ ៨៤.៦៦ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។ ក្នុងនោះអ្នកចាក់បានទាំងពីរដូស មានចំនួនជាង ១២លាននាក់ ហើយអ្នកចាក់ដូសទី៣ ឬដូសជំរុញ បានជាង ១លាននាក់៕