(ភ្នំពេញ)៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បង្ហាញលទ្ធផលនៃសិក្ខាសាលាបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន ណាឌី (NADI) ក្រោមមូលបទ «គុណតម្លៃ និងតួនាទីនៃប្រវត្តិសាស្ត្រយោធាក្នុងការពង្រឹង និងថែរក្សាសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងតំបន់»។

កិច្ចប្រជុំនេះ គឺអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ធ្វើជាម្ចាស់ផ្ទះតាមរយៈប្រព័ន្ធវីដេអូខុបហ្វ្រែន (Videoconference) បានដំណើរការបន្តដើម្បីពិនិត្យ និងពិភាក្សាលើទិសដៅការងារបន្តរបស់ស្ដាប័ន NADI និងពិភាក្សារៀបចំរបាយការណ៍សិក្ខាសាលា។

នៅចំណុចចាប់ផ្ដើមនៅថ្ងៃទី០២ នៃសិក្ខាសាលានេះ លោកស្រីឧត្តមសេនីយ៍ឯក ណឹម សុវត្តី បានធ្វើការសង្ខេបនូវលទ្ធផលនៃសិក្ខាសាលាកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ ដោយមានខ្លឹមសារសំខាន់មួយចំនួនរួមមាន៖

ទី១៖ តាមរយៈបទបង្ហាញ និងការពិភាក្សាក្នុងសិក្ខាសាលា អ្នកចូលទាំងអស់បានទទួលស្គាល់ថាការយល់ដឹងអំពីប្រវត្តិសាស្ត្រយោធាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់តំបន់ក្នុងការធ្វើឱ្យមានទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។ ប្រវត្តិសាស្រ្តទាំងមូល និងជាពិសេសប្រវត្តិសាស្ត្រយោធាអាចឱ្យប្រទេសក្នុងតំបន់អាស៊ាន អាចយល់អំពីព្រឹត្តិការណ៍អតីតកាលទាំងអវិជ្ជមាននិងវិជ្ជមានដែលអាចជាមេរៀនដើម្បីសិក្សាស្វែងយល់ និងចៀសសវាងការបង្កើតកំហុសដូចអតីតកាល។

ទី២៖ ដោយឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រយោធាសិក្ខាសាលាមើលឃើញថាតួនាទីរបស់យោធាមិនមែនគ្រាន់តែជាឧបករណ៍ធ្វើសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែយោធាក៏ជាតួអង្គសំខាន់នៃសន្តិភាព និងការកសាងអត្តសញ្ញាណជាតិផងដែរ។

ទី៣៖ ប្រទេសមួយចំនួនដែលមានចូលរួមក្នុងសិក្ខាសាលា បានបង្ហាញអំពីការរៀបចំ ប្រវត្តិសាស្ត្រយោធារបស់ខ្លួន ក៏ដូចជាប្រវត្តិនៃកងទ័ពរបស់ខ្លួនផងដែរ ដែលកិច្ចការងារទាំងអស់នេះត្រូវបានថែរក្សា និងបានរៀបចំឱ្យទៅជាការសិក្សា និងការបង្វឹកហាត់ដល់នាយទាហានវ័យក្មេង ដើម្បីយល់ច្បាស់ពីប្រវត្តិសាស្ត្រក្នុងទិសដៅការពារអធិបតេយ្យភាពជាតិ និងការបន្តថែរក្សាសន្តិសុខក្នុងប្រទេសរបស់ខ្លួន និងក្នុងតំបន់។

ទី៤៖ ប្រទេសនីមួយៗ ក្នុងតំបន់អាស៊ាន ដែលបានចូលរួមសិក្ខាសាលាមានប្រវត្តិសាស្ត្រខុសៗគ្នា ជាមួយគ្នានេះការលើកយកមកបង្ហាញក្នុងសិក្ខាសាលាក៏មានយុទ្ធវិធីខុសគ្នាផងដែរ ប៉ុន្តែអ្វីដែលកត់សម្គាល់បានជាចំណុចរួមគឺប្រទេសនីមួយៗសុទ្ធសឹងតែមានការសិក្សាអំពីប្រវត្តិសាស្ត្រយោធា និងការទាញយកនូវគុណតម្លៃអំពីប្រវត្តិសាស្ត្រក្នុងការកសាងស្មារតីជាតិ អត្តសញ្ញាណជាតិ ក៏ដូចជារៀបចំនូវប្រៀបការពារជាតិសម្រាប់ប្រទេសនីមួយៗឱ្យមានការស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់លាស់។

ទី៥៖ តាមរយៈបទបង្ហាញបានបញ្ជាក់អំពីតួនាទីសំខាន់របស់កងកម្លាំងប្រដាប់អាវុធក្នុងការកសាងសន្តិភាព ក៏ដូចជាការរក្សាសន្តិភាព។ ជាពិសេសការចូលរួមកន្លងមករបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសជាសមាជិកអាស៊ាននីមួយៗ នៅក្នុងបេសកកម្មរក្សាសន្តិភាពក្នុងតំបន់ និងអន្តរជាតិ។

ទី៦៖ សិក្ខាសាលានេះក៏បានបង្ហាញពីសារៈសំខាន់នៃការប្រើប្រាស់បដិវត្តន៍ឧស្សាហកម្មលើកទី៤ ការជឿនលឿនផ្នែកបច្ចេកវិទ្យាជាវេទិកាសម្រាប់វិធីសាស្ត្រថ្មី និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈការសិក្សាអំពីប្រវត្តិសាស្ត្រយោធា។

ទី៧៖ ចំពោះអាស៊ាន ក្នុងវិស័យសិក្សាស្រាវជ្រាវ ក៏ដូចជាការចែករំលែកគឺជារឿងសំខាន់។ ដូច្នេះ ដើម្បីបន្តភាពរឹងមាំនៃទំនាក់ទំនង និងការយល់ពីគ្នាទៅវិញទៅមក អាស៊ានគួរតែមានការសិក្សារួមគ្នា តួរយ៉ាងដូចជាការបង្កើតនូវមជ្ឍមណ្ឌលសិក្សាអាស៊ាន ឬបណ្ដាញសារមន្ទីរប្រវត្តិសាស្ត្ររួមរបស់អាស៊ាន ឬកិច្ចសហប្រតិបត្តិយោធានានា ដើម្បីបង្កើនការយល់ពីគ្នាទៅវិញទៅមកក្នុងតំបន់។

សិក្ខាសាលាមានការឯកភាពខ្ពស់ចំពោះការវាយតម្លៃលទ្ធផលនៃដំណើរការកិច្ចប្រជុំនេះ។ ទន្ទឹមនឹងនេះ សិក្ខាសាលាបានបន្តដំណើរការដោយការត្រួតពិនិត្យ និងពិភាក្សាគ្នាលើទិសដៅការងារបន្តរបស់ស្ថាប័ន NADI សម្រាប់ឆ្នាំ២០២២ផងដែរ។

សិក្ខាសាលាបានដំណើរការបន្តលើរបៀបវារៈសំខាន់លើត្រួតពិនិត្យទិសដៅការងាររបស់ ណាឌី NADI ឆ្នាំ២០២២ និងការត្រួតពិនិត្យរបាយការណ៍សិក្ខាសាលា ក្នុងនោះប្រទេសនីមួយៗបានចូលរួមយោបល់បន្ថែមយ៉ាងសកម្មជាមួយនឹងធាតុចូលបន្ថែមសម្រាប់ជាអនុសាសន៍ និងគំនិតនៅក្នុងរបាយការណ៍។

មុននឹងបញ្ចប់អង្គសិក្ខាសាលា ស្ថាប័នដែលបានចូលទាំងអស់បានថ្លែងអំណរគុណ និងអបអរសាទរចំពោះប្រទេសកម្ពុជាដែលបានដំណើរការដោយជោគជ័យនូវសិក្ខាសាលាដែលបានផ្ដល់នូវគុណប្រយោជន៍ជាច្រើនសម្រាប់តំបន់អាស៊ានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការស្វែងយល់ពីគ្នាទៅវិញទៅមកក្នុងវិស័យការពារជាតិ ដើម្បីថែរក្សាសន្តិភាព សន្តិសុខក្នុងតំបន់តាមរយៈការសិក្សាអំពីប្រវត្តិសាស្ត្រយោធា។

តាមរយៈសិក្ខាសាលាលើប្រធានបទ តម្លៃ និងតួនាទីប្រវត្តិសាស្ត្រយោធា ក្នុងការពង្រឹង និងការពារសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នេះ អាចកត់សម្គាល់ និងវាយតម្លៃបានថាប្រវត្តិសាស្ត្រយោធាពិតជាមានសារសំខាន់សម្រាប់ប្រទេសជាសមាជិកអាស៊ាន និងជាមធ្យោបាយដ៏សំខាន់ក្នុងការពង្រឹងការស្វែងយល់ពីគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ តាមរយៈការបង្កើតជាបណ្ដាញសិក្សារួមគ្នាលើប្រវត្តិសាស្ត្រយោធា។

ក្រុមការងាររៀបចំសិក្ខាសាលា មានការរំពឹងទុកផងដែរថាប្រធានបទនេះ នឹងអាចលើកជាគំនិតពិចារណាសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះខាងមុខនេះផងដែរ៕