(ភ្នំពេញ)៖ ស្ថានភាពប្រឡាយបឹងសាឡាង មានចន្លោះទំហ៊ំខ្លះចាប់ពី ១១,៥០ម៉ែត្រ ទៅ១៤,៥០ម៉ែត្រ និងមានរាងបត់បែនច្រើន ប្រវែងដល់ទៅ ៧១០ម៉ែត្រ ក្នុងខណ្ឌទួលគោក និងត្រូវបើកការដ្ឋានសាងសង់តាមគម្រោងសិក្សាកែលម្អរជាប្រឡាយបេតុង មានទទឹងសរុបទំហ៊ំ ២២ម៉ែត្រ និងជម្រៅ ៤ម៉ែត្រ ដើម្បីរំដោះទឹកលូ និងរំដោះជំនន់ទឹកភ្លៀង នារដូវវស្សា សម្រាប់បម្រើជូនប្រជាពលរដ្ឋ។

នេះបើតាមការបញ្ជាក់របស់លោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីក្រុមការងារជំនាញរដ្ឋបាលខណ្ឌ សហការជាមួយមន្ទីរសាធារណ:ការរដ្ឋបាលរាជធានីភ្នំពេញ បានចុះបោះបង្គោលកំណត់ទីតាំងប្រឡាយបឹងសាឡាង ដេីម្បីបេីកការដ្ឋានអនុវត្តសាងសង់តាមគម្រោងកិច្ចសន្យារវាងក្រុមហ៊ុន ចាង វ៉ាង អុីនវេសមិន រៀលអេស្ទេត ជាមួយសាលារាជធានីភ្នំពេញ ។

លោក ជា ពិសី បានលើកឡើងថា យោងទៅតាមកិច្ចសហការរវាងក្រុមការងារជុំនាញរបស់រដ្ឋបាលខណ្ឌ ក្រុមការងារបច្ចេកទេសមន្ទីរសាធារណ:ការរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន ចាង វ៉ាង អុីនវេសមិន រៀលអេស្ទេត ដែលជាក្រុមហ៊ុនត្រូវអនុវត្តសាងសង់តាមគម្រោងកិច្ចសន្យា ជាមួយសាលារាជធានីភ្នំពេញ ក្នុងការចុះពិនិត្យជាក់ស្តែង ចំពោះប្រឡាយបឹងសាឡាងនេះ មានប្រវែង ៧១០ម៉ែត្រ ដោយស្ថានភាពប្រឡាយមានទំហ៊ំចន្លោះពី ១១,៥០ម៉ែត្រ ទៅ ១៤,៥០ម៉ែត្រ និងមានរាងបត់បែនច្រេីន និងត្រូវសិក្សាសាងសង់កែលម្អរឡើងវិញ ទៅជាប្រឡាយបេតុង ដែលមានទទឹងសរុបទំហំ ២២ម៉ែត្រ និងជម្រៅ ៤ម៉ែត្រ ដើម្បីរំដោះទឹកលូ ជាពិសេសរំដោះជំនន់ទឹកភ្លៀង នារដូវវស្សា ដើម្បីបម្រើជូនប្រជាពលរដ្ឋ៕