(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ស្អែកនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបានវ៉ាក់សាំងស៉ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹកស្អែកនេះកម្ពុជាយើងនឹងត្រូវទទួលបានវ៉ាក់សាំង Sinovac ចំនួន ២លានដូសបន្ថែមទៀត ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជាក់ក្នុងឱកាសលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលថ្មីៗកន្លងទៅនេះ»។

លោកស្រី យក់ សម្បត្តិ នឹងអញ្ជើញទទួលយកវ៉ាក់សាំង២លានដូសនេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕