(តាកែវ)៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា និងក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានរៀបចំពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩» ជូនដល់អ្នកផ្ទុកមេរោគអេដស៍ និងស្ត្រីមានផ្ទៃពោះ ចំនួន១៥នាក់ នៅភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

ការប្រារព្ធពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩» ដើម្បីចូលរួមជាចរន្តជាតិមួយ ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោក អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា ខេត្តតាកែវ ។

ក្នុងឱកាសនោះ លោកស្រីម៉ែន នារីសោភ័គ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានអំពាវនាវចំពោះបងប្អូនទាំងអស់ ដែលចូលរួមថ្ងៃនេះ សូមបន្ត ផ្សព្វផ្សាយចំណេះដឹងដល់ក្រុមគ្រួសារ មិត្តភក្តិបន្ថែមទៀត។ ជាពិសេសចំពោះបណ្តាញសារព័ត៌មាននានា សូមបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សាធារណជន ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ក៏ដូចជាចូលរួមទទួលខុសត្រូវ ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។

លោក អ៊ូច ភា បានថ្លែងថា ទោះក្នុងកាលៈទេសៈការរាតត្បាតជំងឺកូវីដ១៩ក៏ដោយ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្ដតាកែវ តែងតែយកចិត្ដទុកដាក់ ដល់ប្រជាពលរដ្ឋយើង ដែលផ្ទុកជំងឺអេដស៍ ដោយមានអប់រំផ្សព្វផ្សាយ ដឹងពីការការពារសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ពិសេសស្ដ្រីមានផ្ទៃពោះដែលផ្ទុកមេរោគអេដស៍តែម្ដង។ លើសពីនោះ បើពលរដ្ឋយើង ខ្វះខាត និងជួយបន្ទុកបម្រុងសម្រាលការលំបាករបស់ពួកគាត់ផងដែរ។

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ បានបង្ហាញពីការស្វែងយល់កាន់តែច្បាស់ ពីមេរោគអេដស៍ ជំងឺអេដស៍ ការលើកកម្ពស់សុខភាព មាតា ទារក និងកុមារ ក៏ដូចជាចំណេះដឹង ស្តីពីជំងឺកូវីដ-១៩ ព្រមទាំងបានថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា និងក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានដាស់តឿនក្រើនរំលឹកនូវសារអប់រំទាំងអស់នេះ ថែមទាំងបានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ ក្នុង ម្នាក់ៗរួមទទួលបាន អង្ករ, មី, ត្រីខ, សម្ភារប្រើប្រាស់ កញ្ចប់អនាម័យ និងថវិកា ៥ម៉ឺនរៀលទៀតផង។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តយ៉ាងសកម្ម នៅក្នុងការអប់រំផ្សព្វផ្សាយ ពីការរស់នៅធម្មតាតាមបែបគន្លងថ្មី តាមរយៈបណ្តាញក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានបង្កើតឡើងដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ និងតាមរយៈសាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានី-ខេត្ត ធ្វើសកម្មភាពអប់រំផ្សព្វផ្សាយស្តីពីអេដស៍ សុខភាពមាតា ទារក និងកុមារ ការរស់នៅធម្មតាតាមគន្លងថ្មី ព្រមទាំងបានជួយសម្រាលទុក្ខលំបាក ផ្នែកជីវភាពដល់គ្រួសារអ្នកផ្ទុកមេរោគអេដស៍ រាប់ពាន់គ្រួសារក្នុងមួយឆ្នាំៗ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាមាក់ងាយ និងរើសអើង និងការផ្ដល់ការគាំទ្រផ្នែកសង្គមដល់អ្នករងគ្រោះ/រងផលប៉ះពាល់ ដោយសារមេរោគអេដស៍។ លើសពីនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏តែងតែធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ក្រសួងស្ថាប័ន ពាក់ព័ន្ធ និងដៃគូអភិវឌ្ឍទាំងអស់ ប្ដេជ្ញារួមគ្នាក្នុងការលុបបំបាត់ការចម្លងជំងឺអេដស៍ឱ្យបាន១០០% ដើម្បីឈានទៅសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍ទាំងស្រុងនៅកម្ពុជា នាឆ្នាំ២០២៥ និងគោលដៅអភិវឌ្ឍន៍ចេរភាពនាឆ្នាំ២០៣០ខាងមុខនេះ៕