(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា សាមគ្គីភាព ឆន្ទៈមោះមុត យន្តការច្បាស់លាស់ ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការល្អ គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងក្នុងក្របខណ្ឌជាតិ-អន្តរជាតិ នាំឲ្យការប្រយុទ្ធគ្រឿងញៀនមានប្រសិទ្ធភាព។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ថ្លែងបែបនេះ ក្នុងពិធីបិទកិច្ចប្រជុំ ASOD ត្រៀមសម្រាប់កិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ក្រោមវត្តមានតំណាងស្ថាប័ន ត្រូតពិនិត្យគ្រឿងញៀនពីបណ្តាប្រទេសអាស៊ាន តាមប្រព័ន្ធអនឡាញ។

ក្នុងនាមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណ ដល់បណ្តារដ្ឋជាសមាជិក អាស៊ានទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសក្នុងស្ថានភាពដ៏លំបាក នៃការរីករាលដាល ជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះបទអន្តរាគមន៍នានា ដែលបានផ្លាស់ប្តូរ និងចែករំលែក ក្នុងរយៈពេល១ថ្ងៃ កន្លងមកនេះ យោបល់ និងអនុសាសន៍ប្រកបដោយអត្ថន័យពាក់ព័ន្ធ នឹងការអនុវត្តផែនការសកម្មភាពសហគមន៍ អាស៊ានប្រឆាំងនឹងបទល្មើសគ្រឿងញៀន២០១៦-២០២៥ និងទស្សនវិស័យជារួមក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលកំពុងមាននិន្នាការកើនឡើង គួរឲ្យព្រួយបារម្ភនាពេលបច្ចុបន្បន្ននេះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្ដថា មេរៀន និងបទពិសោធន៍នាពេលកន្លងមក ពិតជាបានជួយបង្កើនប្រសិទ្ធិភាព និងប្រសិទ្ធិផល រួមនិងនិរន្តភាព នៃការឆ្លើយតបលើបញ្ហាគ្រឿងញៀន សាមគ្គីភាព ឆន្ទៈមោះមុត យន្តការច្បាស់លាស់ ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការល្អ គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងក្នុងក្របខណ្ឌជាតិ-អន្តរជាតិ នាំឱ្យការប្រយុទ្ធគ្រឿងញៀនមានប្រសិទ្ធភាព។

លោកថា «ឈរលើទស្សនៈនេះ និងដោយផ្អែកលើស្ថានភាពជាក់ស្តែង និងនិន្នាការនៃការផលិត ចរាចរ និងប្រើប្រាស់គ្រឿងញៀន ដែលនៅពុំទាន់ថមថយនៅឡើយ នៅក្នុងបណ្តារដ្ឋសមាជិកអាស៊ាន ខ្ញុំកត់សម្គាល់ឃើញថា យន្តការអាស៊ាន ពិតជាបានរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងការគំរាមកំហែង ដោយគ្រឿងញៀន មិនត្រឹមតែក្នុងតំបន់ ក៏ដូចជាពិភពលោក ដូចដែលអង្គប្រជុំយើង បានជ្រាបពីការលើកឡើងខាងដើមរបស់ តំណាងប្រទេសជាសមាជិកនីមួយៗ»។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានប្រាប់ឲ្យដឹងពីខ្លឹមសារឯកសារដែលបានឯកភាពគ្នា នូវបញ្ហាផ្សេងៗដែលមានក្នុងកិច្ចប្រជុំ ASOD លើកទី៤១ និងទី៤២, ការពិនិត្យឡើងវិញនូវរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការការងារអាស៊ាន ស្តីពីសន្តិសុខសហគមន៍ អាស៊ានប្រឆាំង នឹងគ្រឿងញៀនខុសច្បាប់ ឆ្នាំ២០១៦-២០២៥ (ផែនការការងារអាស៊ាន ២០១៦-២០២៥) ការពិនិត្យឡើងវិញនូវរបាយការណ៍ពាក់កណ្តាលអាណត្តិ នៃផែនការសហប្រតិបត្តិការអាស៊ានក្នុងការទប់ស្កាត់ការផលិត និងការជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងតំបន់ត្រីកោណមាស ឆ្នាំ២០២០-២០២២ កិច្ចពិភាក្សាលើបញ្ហាផ្សេងៗទាក់ទងនឹងគណៈកម្មការអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន (CND) ការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន និងចុងក្រោយអង្គប្រជុំបានពិនិត្យនិងឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន។

ឯកសារទាំងអស់នេះ នឹងរាយការណ៍ជូនប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន ដើម្បីពិនិត្យនិងអនុម័តលើឯកសារមួយចំនួន នៅថ្ងៃស្អែកទី១៤ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ពីសណ្ឋាគារឡឺរ៉ូយ៉ាល់៕