(ភ្នំពេញ)៖ មន្ត្រីនគរបាលឈ្មោះ គ្រី រ៉ាឌី អាយុ៣៧ឆ្នាំ រស់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានជនរងគ្រោះម្នាក់ប្តឹងទៅតុលាការ ក្រោយស៊ីដាច់លុយ១៥០០០ដុល្លាររត់ការចូលបម្រើជាមន្ត្រី នគរបាលជាតិតែមិនបានសម្រេច។

យ៉ាងណាក៏ដោយ ក្រោយជនរងគ្រោះបានទាមទារ និងរហូតមានការចុះផ្សាយព័ត៌មាននោះ មន្រ្តីនគរបាលរូបនេះ បានសងមកចំនួន៨៧០០ដុល្លារ កាលពីពេលកន្លងទៅ ប៉ុន្តែនៅសល់៦៣០០ដុល្លារទៀត សន្យាថ្ងៃនេះថ្ងៃនោះរហូត ពោលបានបន្តគេចវេសមិនព្រមសងលុយមកជនរងគ្រោះទៀតឡើយ។

លោក ឈៀង សំរុង ដែលជាជនរងគ្រោះ បានឲ្យដឹងថា មន្រ្តីនគរបាលឈ្មោះ គ្រី រ៉ាឌី ជាមនុស្សក្រឡិចក្រឡុចណាស់ ដោយសន្យាសងលុយត្រឡប់មកវិញម្តងនៅថ្ងៃនេះម្តងនៅថ្ងៃនោះ និយាយមិនដែលប្រកាន់ពាក្យសច្ចៈនោះឡើយ ដែលអូសបន្លាយពេលអស់រយៈពេលជាច្រើនខែ និងបានចេញសែកស្អុយម្តងហើយម្តងទៀត ពោលមានចេតនារំលោភលើកិច្ចព្រមព្រៀងសងប្រាក់ និងគេចវេសមិនសងនោះឡើយ។

លោក ឈៀង សំរុង អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្អាត់យំ ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នេះ បានឲ្យដឹងថា គាត់បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការកាលពីថ្ងៃទី២០ ខែសីហា ដោយចោទប្រកាន់ឈ្មោះ គ្រី រ៉ាឌី មានទីលំនៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។

ជនរងគ្រោះបានបញ្ជាក់នៅក្នុងពាក្យបណ្តឹងរបស់ខ្លួនថា ឈ្មោះ គ្រី រ៉ាឌី បានទទួលប្រាក់ពីខ្លួនចំនួន១៥០០០ដុល្លារ ដើម្បីយកទៅរត់ការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌនគរបាលជាតិ ប៉ុន្តែបន្ទាប់ពីទទួលបានប្រាក់ពីជន រងគ្រោះហើយ បុគ្គលរូបនេះមិនបានរត់ការឱ្យជនរងគ្រោះដូចការធានាអះអាងនោះឡើយ ធ្វើឱ្យខ្លួនបាត់បង់ទំនុកចិត្ត និងសុំទារប្រាក់ត្រឡប់មកវិញ។

លុះដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឈ្មោះ គ្រី រ៉ាឌី បានចេញមូលប្បទានប័ត្រ (សែក) មួយសន្លឹកមានទឹកប្រាក់ចំនួន១៥០០០ដុល្លារឲ្យមកវិញ ប៉ុន្តែពេលជនរងគ្រោះយកសែកនេះទៅបើកនៅធនាគារ ស្រាប់តែតែគ្មានទឹកប្រាក់ (សែកស្អុយ)។

ជនរងគ្រោះបានបន្តថា ក្រោយមកជនរងគ្រោះ បានទាក់ទងទៅបុគ្គលរូបនេះ ដើម្បីទាមទារប្រាក់ និងបានធ្វើលិខិតជូនដំណឹងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ម្តងទៀត ទៅឈ្មោះ គ្រី រ៉ាឌី ប៉ុន្តែជននោះមិនបានសងប្រាក់ ទៅជនរងគ្រោះវិញនោះទេ បែរជារត់គេចខ្លួន។

តែដោយមានការចុះផ្សាយព័ត៌មាននាពេលកន្លងមក មន្រ្តីនគរបាលរូបនេះ បានសងលុយចំនួន៨៧០០ដុល្លារ ជា៣ដំណាក់កាល រួមមាន៖

*ដំណាក់កាលទី១ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានសងលុយចំនួន៧០០ដុល្លារ
*ដំណាក់កាលទី២ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានសងបន្ថែមចំនួន១០០០ដុល្លារ
*ដំណាក់កាលទី៣ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានសងបន្ថែមចំនួន១០០០ដុល្លារ
*ដំណាក់កាលទី៤ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានសងបន្ថែមចំនួន៦០០០ដុល្លារ។ ដូច្នេះនៅសល់៦៣០០ដុល្លារទៀត តែគេចវេសថ្ងៃនេះថ្ងៃនោះរហូត។

យ៉ាងណាក៏ដោយនៅថ្ងៃនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីបុគ្គលឈ្មោះ គ្រី រ៉ាឌី បាននោះទេ៕